ក្រោយពេលធ្វើការជ្រើសរើសយកបេក្ខជនបេក្ខនារីយ៉ាងសម្រិតសម្រាំងនៅក្នុងវគ្គ ស៊ុប្រាហ្គេត អូឌីហ្សិន រ៉ោនធូ (Supra Gate Audition Round 2) របស់កម្មវិធី មីស អ៊ែន មីសស្ទ័រ ស៊ុប្រាណាហ្សិនណល ខេមបូឌា (Miss & Mister Supranational Cambodia) ឆ្នាំ២០២៥ រួចមក ពេលនេះខាងកម្មវិធីប្រកួតរើសបានបេក្ខភាពផ្លូវការចំនួន ៣៩ រូបហើយ ដើម្បីបន្តដំណើរទៅកាន់វគ្គបន្ត។ ដោយឡែក មួយរយៈចុងក្រោយនេះ ខាងកម្មវិធីប្រកួតសម្រស់ខាងលើ បាននឹងកំពុងបង្ហាត់ការដើរទៅកាន់បេក្ខភាពផ្លូវការទាំងអស់ មុននឹងថ្ងៃបំពាក់ឆៀងមកដល់នាពេលខាងមុខ និងវគ្គ ឆាលែន (Challenge) ផ្សេងៗទៀតរបស់ការប្រកួត។ ទន្ទឹមនឹងការហាត់ដើរនេះ បេក្ខភាពនីមួយៗតែងតែបង្ហោះសកម្មភាពនៃការរៀនរបស់ខ្លួននៅលើបណ្តាញសង្គមជាហូហែរ។ ជាមួយគ្នានេះ កញ្ញា អាន់ណា រ៉ូស ដែលបានជាប់ជាបេក្ខភាពផ្លូវការមួយរូបរបស់កម្មវិធី ក៏តែងតែបង្ហោះសកម្មភាពនៃការរៀនដើររបស់ខ្លួនផងដែរ។ ផ្ទុយស្រលះពីបេក្ខភាពដទៃ រាល់ពេលដែលកញ្ញា អាន់ណា រ៉ូស បង្ហោះសកម្មភាពហាត់ដើររបស់ខ្លួន បែរជាទទួលបានមតិរិះគន់មិនសំចៃមាត់ ច្រើនជាងមតិលើកសរសើរទៅវិញ។ យ៉ាងណាមិញ បវរកញ្ញារូបនេះមិននៅស្ងៀមឡើយ ដោយបានធ្វើការឆ្លើយតបទៅកាន់មតិរិះគន់ទាំងនោះយ៉ាងសុភាពថា “កុំមើលងាយ ឬ ប្រមាថអ្នកដទៃ ពេលដែលគេនៅចំណុចក្រោមអ្នក ព្រោះថ្ងៃណាមួយគេងើបឡើងវិញ អ្នកនឹងខ្មាសនូវទង្វើខ្លួនឯង”។
ក្រោយពេល កញ្ញា អាន់ណា រ៉ូស បង្ហាញអារម្មណ៍បែបនេះ នៅលើគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនរួចមក ឃើញថា មានអ្នកគាំទ្រ បានផ្តល់ជាកម្លាំងចិត្ត ឱ្យបវរកញ្ញារូបនេះតស៊ូនៅក្នុងការប្រកួតបន្តទៀតផងដែរ៕