ភ្នំពេញ ៖

លំដៅដ្ឋានមួយកន្លែង ស្ថិតនៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឲ្យសម្ភារៈមួយចំនួន រងការខូចខាត ខណៈពេលដែលម្ចាស់ ចាក់សោទុកចោលទៅទិញម្ហូប។ 

ហេតុការណ៍អគ្គីភ័យនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ហើយ រថយន្តភ័យពន្លត់អគ្គិភ័យចំនួន១គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់។ ផ្ទះដែលត្រូវភ្លើងឆេះធ្វើពីថ្មបេតុង មានទំហំ៥ម៉ែត្រx១៨ម៉ែត្រ មានម្ចាស់ឈ្មោះ សំ បូណា ប្រុស អាយុ ៥៣ មុខរបរ អាជីវកមានទីលំនៅ ផ្ទះ ៩៦៣ ផ្លូវលំកន្លែងកើតហេតុខាងលើ។ 

តាមសាក្សី បានឲ្យដឹងថានៅវេលាព្រឹកថ្ងៃកើតហេតុ បុរសជាម្ចាស់ផ្ទះ បានធ្វើដំណើរទៅផឹកកាហ្វេក្បែរផ្ទះ ហើយ ស្ត្រីជាប្រពន្ធ បានចាក់សោទុកចោលទៅផ្សារ។ ខណៈនោះស្រាប់តែភ្លើង បានឆាបឆេះចេញពីក្នុងផ្ទះ ផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយ តេទៅម្ចាស់ផ្ទះ នាំគ្នាំវាយទំលុះទ្វារជួយពន្លត់និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ទៅអន្តរាគមន៍ ហើយ ភ្លើងបានរលត់ទៅវិញ។

តាមនគរបាលមូលដ្ឋាន បានឲ្យដឹងថាអគ្គិភ័យនេះ បណ្ដាលឲ្យគ្រែ ពូក កង្ហារនិងសម្ភារៈមួយចំនួននៅក្នុងផ្ទះរងការខូចខាតតែពុំបណ្ដាឲ្យឆេះរាដាលឡើយ។ តាមម្ចាស់ផ្ទះឱ្យដឹងថាអគ្គិភ័យនេះ បានឆេះចេញពីកៀនផ្ទះផ្នែកខាងក្រោយកន្លែងព្រីភ្លើង ហើយសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

ម្ចាស់ផ្ទះឲ្យដឹងទៀតថានៅព្រឹកនេះដែរ គាត់ បានអុជធូបថ្ងៃសីល តែភ្លើងធូបបានរលត់ទើបគាត់នាំគ្នាចាកចេញស្រាប់តែភ្លើងបានឆាតឆេះតែម្ដង៕