ខេត្តកណ្តាល ៖
ក្រុមគ្រួសារឪពុកម្តាយ បានត្រឹមយំសោកអាឡៃអាឡោះកូនប្រុស ដែលបានលង់ទឹកស្លាប់ ក្រោយនាំគ្នីគ្នាបីនាក់ដើរបាញ់សត្វតាមមាត់ទន្លេ រួចចុះងូតទឹកក៏ត្រូវលង់ទឹកទន្លេស្លាប់ម្នាក់ ដែលហេតុការណ៍ដ៏សោកសង្រេងខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១៧និង៣០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចមាត់ច្រាំងទន្លេមេគង្គក្រោម ស្ថិតក្នុងភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
លោកវរៈសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់ឲ្ដឹងថា÷ កុមារារងគ្រោះមានឈ្មោះ សាន រិទ្ធិ អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំភូមិសង្កាត់កើតហេតុ ។
ក្រោយទទួលបានសេចក្តីរាយការណ៍ពីលោកវរៈសេនីយ៍ត្រី ម៉េង សាវុធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសារិកាកែវ ភ្លាម លោកអធិការ បានបញ្ជាឲ្យកម្លាំងជំនាញផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ សហការជាមួយលោកគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាននិងកម្លាំងប៉ុស្តិ៍ ចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ។
លោកអធិការបញ្ជាក់ថា÷ក្រោយជំនាញនិងលោកគ្រូពេទ្យ ពិនិត្យសាកសព គឺកុមាររងគ្រោះ ពិតជាស្លាប់ដោយការលង់ទឹកប្រាកដមែន។ សពកុមាររងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕