ភ្នំពេញ ៖ 

លោកតាម្នាក់ ខណៈជិះកង់ចេញពីផ្ទះកូនស្រី ស្រាប់តែវង្វេងរកផ្លូវទៅផ្ទះកូនវិញលែងឃើញ ពេលនោះ ត្រូវបានប្រជាពលរដ្ឋយកបាយទឹកឲ្យហូប រួចបាននាំទៅកាន់សាលាសង្កាត់ចោមចៅទី៣ ដើម្បីឲ្យអាជ្ញាធរស្រាវជ្រាវរកកូនឲ្យទៅទទួលយកវិញ។ 

ប៉ុន្តែពេលទៅដល់អត់ទាន់បានជួបជាមួយអាជ្ញាធរផង ក៏ស្រាប់តែលោកតាលួចជិះកង់ចាកចេញពីសាលាសង្កាត់ទៅបាត់ ដោយពុំដឹងថាទៅណាទៀតឡើយ ។

ប្រជាពលរដ្ឋ បានប្រទះឃើញលោកតារូបនោះក្នុងស្ថានភាពហេវហត់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវម្ដុំមុខវិទ្យាល័យហ៊ុន សែនជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកតាខាងលើ បាននិយាយថា លោកតា ឈ្មោះកុយ ឈៀត អាយុ៧៧ឆ្នាំ មានទីលំនៅភូមិកោះគាល់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានកូនប្រុស និងស្រីចំនួន៣នាក់ ។ លោកតា បានមកស្នាក់នៅផ្ទះកូនស្រីម្នាក់ឈ្មោះធារី នៅខាងក្រោយផ្សារជម្ពូវ័ន ច្រើនខែមកហើយ មិនដែលហ៊ានចេញក្រៅទេ ព្រោះខ្លាចវង្វេង ទើបតែនៅព្រឹកថ្ងៃកើតហេតុ លោកតា បានជិះកង់ចេញលេងខាងក្រៅ ក៏ស្រាប់តែវង្វេងរកផ្លូវទៅផ្ទះកូនវិញលែងឃើញតែម្ដង ។

ប្រជាពលរដ្ឋ បាននិយាយថា នៅវេលាម៉ោងខាងលើ គាត់បានឃើញលោកតាម្នាក់នោះស្ថិតនៅនៅម្ដុំមុខវិទ្យាល័យហ៊ុន សែនជម្ពូវ័ន គាត់ក៏បានសួរនាំហើយលោកតា ប្រាប់ថាគាត់វង្វេងរកផ្លូវទៅផ្ទះកូនអត់ឃើញ។ ពេលនោះ គាត់ ក៏បានទិញបាយនិងទឹកឲ្យហូប បន្ទាប់មក នៅវេលាថ្ងៃត្រង់ថ្ងៃដដែល ក៏បាននាំលោកតានោះ ទៅកាន់សាលាសង្កាត់ចោមចៅទី៣ ដើម្បីឲ្យអាជ្ញាធរជួយស្រាវជ្រាវរកកូនឲ្យទៅទទួលយកវិញ។ ប៉ុន្តែពេលនោះអត់បានជួបអាជ្ញាធរទេ ដោយដល់ម៉ោងសម្រាក អាជ្ញាធរសង្កាត់បានចេញទៅហូបបាយអស់ហើយ ទើបគាត់បានឲ្យលោកតាអង្គុយនៅក្នុងសាលាសង្កាត់នោះសិន ស្រាប់តែក្រោយមក លោកតាក៏លួចជិះកង់ចាកចេញពីសាលាសង្កាត់ទៅបាត់ពុំដឹងថាទៅកាន់ទីណាទៀតឡើយ៕