កីឡាករ សុខ លីមហេង បន្តគ្រងជើងឯក ៥សម័យកាលជាប់ៗគ្នា ក្រោយឈ្នះមេដាយមាសពីការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤

Sports • January 23, 2025
       កីឡាករ សុខ លីមហេង បន្តគ្រងជើងឯក ៥សម័យកាលជាប់ៗគ្នា ក្រោយឈ្នះមេដាយមាសពីការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤

ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក សេក សុភ័ក្ត្រ អគ្គលេខាធិការ តំណាងឯកត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងលោកឧត្តមសេនីយ៍ត្រី សៀន សុភក្ត្រ នាយករងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ  ខូវ ឆាយ  អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ព្រមទាំងតំណាង និងប្រតិភូជាច្រើនរូបទៀត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

យ៉ាងណាមិញ កីឡាករដ៏ឆ្នើម សុខ លីមហេង បានឈ្នះជើងឯកម្តងទៀត ពោលគាត់បានក្រសោបយកមេដាយមាសចំនួន ៥សម័យកាលជាប់ៗគ្នាតែម្តង។សុខ លីមហេង ដណ្តើមបានមេដាយមាសជាលើកទី៥ ក្រោយយកឈ្នះកីឡាករជើងចាស់ ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រ នាំឲ្យ បូរ៉ា បានត្រឹមមេដាយប្រាក់ ខណៈចំណាត់ថ្នាក់លេខ៣ មេដាយសំរិទ្ធបានទៅលើកីឡាករ ជា ស៊ីដេត និងលេខ៤ បានទៅលើកីឡាករ នូ ច័ន្ទផានិត ។ 

លោក សេក សុភ័ក្ត្រ អគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានលើកឡើងថា នេះជាលើកទី៤ សម្រាប់ឆ្នាំ២០២៤ ដែលសហព័ន្ធបានរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណង ដើម្បីជ្រើសរើសកីឡាករដែលមានសមត្ថភាព និងបច្ចេកទេសល្អ ក្នុងការលេងអុកចត្រង្គ ដើម្បីត្រៀមសម្រាប់ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ជាពិសេសចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ នេះ។

យោងតាមរបាយការណ៍បច្ចេកទេសបានឱ្យដឹងថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤នេះ បានដំណើរការរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥កន្លងមក ក្រោមការរៀបចំរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជានៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC។ 

ការប្រកួតឆ្នាំនេះកាន់តែមានកម្រិតប្រកួតប្រជែងខ្ពស់លើផ្នែកគុណភាពបច្ចេកទេស ដែលជាកត្តានាំឱ្យសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ទទួលបានក្លឹបកីឡាអុកចត្រង្គចំនួន១៨ក្លឹប មានកីឡាករកីឡាការិនីចូលរួមប្រកួតសរុប ៦៥នាក់ (ស្រី ចំនួន០២នាក់)។ ការប្រកួតនេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរៀបចំវិញ្ញាសាប្រកួតតែ ១ប៉ុណ្ណោះ គឺវិញ្ញាសាឯកត្តជនបុរស-នារីចម្រុះ ដែលមានរយៈពេល ៦០នាទី៕











x Enlarged Image