ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះបើតាមការឱ្យដឹងពីឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មការចំពោះកិច្ចនៃពានរង្វាន់សម្ដេចបវរធិបតី២០២៥ ។ 

ឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា តាមគោលការណ៍ពីសម្ដេចមហាបវរធិបតី ការប្រកួតត្រូវធ្វើឡើងនៅកន្លែងណាដែលអាចជានិមិត្តរូបនៃការអភិវឌ្ឍកីឡាជាតិ ដូច្នេះពហុកីឡដ្ឋានជាតិមរតកតេជោជាកន្លែងដ៏ស័ក្ដិសម ជាទីតាំងល្អដែលធ្វើឡើងក្នុងសាល។ 

ឯកឧត្ដម វ៉ាត់ ចំរើន បង្ហើបដែរថា សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីក៏ចង់ឱ្យព្រឹត្តិការណ៍ក្រោយៗទៀតអាចនឹងធ្វើឡើងតាមខេត្តទៀតផង។ អ្វីសំខាន់មួយទៀតគឺពង្រឹងសមត្ថភាពកីឡាករកីឡាការិនីឱ្យមានវិន័យក្នុងការចូលរួម ពោលទៅដល់ទីណា មានវិន័យល្អ ការរៀបចំស្រួល ស្គាល់គ្នា យោគយល់គ្នា និងចូលរួមឱ្យបានល្អជាមួយគ្នា។ 

ទាក់ទងទៅនឹងដំណើរការប្រកួតវិញ ឯកឧត្ដមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែល បញ្ជាក់ថា មិនមានអ្វីប្រែប្រួលទេ តែអ្វីសំខាន់ គឺចង់ឱ្យគ្រូៗដែលទទួលបានការបណ្ដុះបណ្ដាលបន្ថែមពីសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី០១ ត្រូវព្យាយាមទៅពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីឱ្យបានល្អ ដើម្បីកុំឱ្យមានគម្លាតគ្នាខ្លាំង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែតុលា ខាងមុខ៕