រាជធានីភ្នំពេញ ៖ 

មានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ខណៈម្ចាស់ផ្ទះជួលមួយកន្លែងប្រទះឃើញកម្មកររោងចក្រកាត់ដេរម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះជួលរបស់គាត់ ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសដែលដេកស្លាប់ខាងលើ ឈ្មោះ យ៉ា ជា អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ និងមានទីលំនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។


ម្ចាស់ផ្ទះជួលខាងលើ បាននិយាយថាជនរងគ្រោះ បានធ្វើការរោងចក្រជាមួយកូនប្រុសរបស់គាត់ម្នាក់ ហើយ នៅព្រឹកថ្ងៃកើតហេតុ ពេលដែលកូនប្រុសគាត់ទៅដល់រោងចក្រអត់ឃើញជនរងគ្រោះទៅធ្វើការ ក៏បានខលរក ប៉ុន្តែខលចូលច្រើនដងហើយ តែជនរងគ្រោះអត់លើក ទើបកូនប្រុសគាត់ខលប្រាប់គាត់ឲ្យទៅជួយដាស់ជនរងគ្រោះ ឲ្យទៅធ្វើការផង។ ពេលនោះ គាត់ក៏បានទៅស្រែកហៅ និងគោះទ្វារដាស់ជនរងគ្រោះច្រើនដង តែជនអត់ឆ្លើយសោះ ។

ម្ចាស់ផ្ទះជួលដដែល បាននិយាយទៀតថា គាត់មានការសង្ស័យខ្លាំងណាស់ ក៏បានយកទួនណាវីស ទៅដោះស៊ុមកញ្ចក់ទ្វារចេញដើម្បីលូកដៃទាញគន្លឹះពីខាងក្នុង បើកទ្វារចូលទៅមើល ប៉ុន្តែខណៈនោះ ដោះអត់បានឡើយ ទើបគាត់សម្រេចចិត្តយកពូថៅវាយបំបែកកញ្ចក់ទ្វារនោះ រួចលូកដកគន្លឹះបើកទ្វារបន្ទប់ចូលទៅបាន ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់រឹងដូចគល់ឧស បាត់ទៅហើយ ដោយពុំដឹងថាស្លាប់តាំងពីពេលណាមកទេ ។ 

ប្រភពដដែល បានឲ្យដឹងបន្តថា បន្ទាប់មក គាត់ក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យចុះទៅពិត្យមើល ហើយ នគរបាលសង្ស័យថាជនរងគ្រោះស្លាប់ដោយខ្យល់គ និងបានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស និង វិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ ៕