កាលពីពេលថ្មីៗកន្លងទៅនេះ សហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសក្នុងការឡើងភ្នំធម្មជាតិជាមួយគ្រូឧទ្ទេសជនជាតិជប៉ុននៅខេត្តសៀមរាប។ 

លោក Asai San អ្នកជំនាញកីឡាឡើងភ្នំអន្តរជាតិមកពីប្រទេសជប៉ុនគឺជាគ្រូឧទ្ទេសដឹកនាំវគ្គបណ្តុះបណ្តាលនេះ។ លោកបានបង្រៀនពីបច្ចេកទេសល្អៗដែលគេប្រើជាលក្ខណៈអន្តរជាតិ និងវិធីសាស្ត្រក្នុងការកាត់បន្ថយគ្រោះថ្នាក់ នៅពេលឡើងភ្នំធម្មជាតិ។ លោក Asai San បានឲ្យដឹងថា នៅក្នុងខែមករានេះ លោកមានមេរៀនសំខាន់ៗចំនួន៣ សម្រាប់លើកយកមកបង្រៀនក្នុងវគ្គនេះ ដោយមេរៀនទី១ បង្រៀនពីអ្វីទៅជាវប្បធម៌ឡើងភ្នំ, មេរៀនទី២ ស្តីអំពីសីលធម៌ឡើងភ្នំនៅតាមបណ្តាប្រទេសផ្សេងៗ និងមេរៀនទី៣ ស្តីពីវិធីសាស្ត្រអភិវឌ្ឍការឡើងភ្នំ ដោយចុះទៅអនុវត្តសកម្មភាពផ្ទាល់នៅភ្នំគូលែន ខេត្តសៀមរាបនេះតែម្តង។

គ្រូឧទ្ទេសជនជាតិជប៉ុនរូបនេះអះអាងថា លោកបានយកអស់ចំណេះជំនាញ និងបទពិសោធន៍មកចែករំលែកដល់សិក្ខាកាមនៅក្នុងវគ្គនេះ ហើយសង្ឃឹមថា ការខិតខំប្រឹងប្រែងរបស់លោកនឹងអាចក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការជួយអភិវឌ្ឍន៍វិស័យកីឡាឡើងភ្នំនៅប្រទេសកម្ពុជា ស្របពេលដែលឯកឧត្តម ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជាក៏កំពុងតែព្យាយាមអភិវឌ្ឍវិស័យកីឡាឡើងភ្នំនេះឲ្យកាន់តែរីកចម្រើនផងដែរ។ 

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន ១៤នាក់ ក្នុងនោះក៏មានជនបរទេសខ្លះផងដែរ។ វាត្រូវបានធ្វើឡើងចំនួន ៣ថ្ងៃគឺនៅថ្ងៃទី១៨ និងថ្ងៃទី២៥ ហើយនិង ២៦ ខែមករា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ៕