នេះបើយោងតាមតារាងចម្រៀង ប៊ីលប៊ត (Billboard) ចុងក្រោយបំផុតដែលបានចេញឲ្យអ្នកគាំទ្រជុំវិញពិភពលោកបានដឹង (សម្រាប់សប្តាហ៍ទី 1 ខែកុម្ភៈ ឆ្នាំ 2025) បទចម្រៀងឌីជីថល អ៊ីហ្វ អាយ សេយ៍ អាយ លើប យូ (IF I SAY, I LOVE YOU) របស់ ប៊យនីកដ័រ (BOYNEXTDOOR) ជាប់ចំណាត់ថ្នាក់ទី 31 នៅលើតារាងតន្ត្រីសកល (មិនរាប់បញ្ចូលសហរដ្ឋអាមេរិក) ដែលពួកគេបានបង្ហាញខ្លួននៅលើតារាងនេះកាលពីសប្តាហ៍មុន។ ដោយឡែកឥឡូវនេះពួកគេនៅតែគ្រងតំណែងនេះដដែល ច្រើនជាងពីរសប្តាហ៍ជាប់ៗគ្នា ខណៈពេលដែលប្រជាប្រិយភាពរបស់ពួកគេហក់ឡើងជាបន្តបន្ទាប់។
បទ អ៊ីហ្វ អាយ សេយ៍ អាយ លើប យូ (IF I SAY, I LOVE YOU) បច្ចុប្បន្នកំពុងហក់ឡើងទៅកាន់លេខរៀងល្អជាបន្តបន្ទាប់ នៅលើតារាងតន្ត្រីទូទាំងពិភពលោក បន្ទាប់ពីបានឈរនៅលើកំពូលតារាង ដៀលលី វ៉ាយរ៉ល សង (Daily Viral Song) របស់ ស៊តធីហ្វាយ (Spotify) នៅប្រទេសជប៉ុននៅថ្ងៃទី 20 ខែមករា ឆ្នាំ 2025 ហើយបទចម្រៀងនេះនៅតែឈរនៅលេខរៀងទី 1 ដដែលរហូតដល់ថ្ងៃទី 26 ខែមករា ឆ្នាំ 2025។
លើសពីនេះទៀត បទ អ៊ីហ្វ អាយ សេយ៍ អាយ លើប យូ (IF I SAY, I LOVE YOU) ក៏បានចូលទៅក្នុងតារាង ដៀលលី វ៉ាយរ៉ល សង គ្លូប៊ល (Daily Viral Song Global) របស់ ស៊តធីហ្វាយ (Spotify) ដោយបានឈរនៅលេខរៀងទី 35 នៅថ្ងៃទី 20 ខែមករា ឆ្នាំ 2025 និងបន្តគ្រងតំណែងនៅលើតារាងនេះអស់រយៈពេល 7 ថ្ងៃផងដែរ។
ជាមួយគ្នានេះបទ អ៊ីហ្វ អាយ សេយ៍ អាយ លើប យូ (IF I SAY, I LOVE YOU) ក៏បានហក់ឡើងនៅក្នុងតារាងតន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូង សម្រាប់តារាងតន្ត្រីប្រចាំថ្ងៃរបស់ មេឡន់ (Melon) នៅថ្ងៃទី 27 ខែមករា ឆ្នាំ 2025 និងបានជាប់ចំណាត់ថ្នាក់ទី 11 នៅលើតារាង វីកលី ថប់ សង (Weekly Top Songs របស់ ស្ព៊តធីហ្វាយ កូរ៉េ (Spotify Kore) (ថ្ងៃទី 17-23 ខែមករា ឆ្នាំ 2025)។ បន្ថែមពីនេះបទចម្រៀងនេះគឺជាបទដំបូងគេបង្អស់ដែលអាចឈានទៅលេខរៀងទី 6 ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតបន្ទាប់ពីបទចម្រៀងរបស់ BTS ដែលបានជាប់នៅលេខរៀងទី 5 នៅលើតារាង ថប់ វ័ន ហាន់ឌ្រិត អ៊ហ្វ ធូឌេយ៍ (Top 100 of Today) របស់ អ៊ែបផល ម្ញ៉ូស៊ីក កូរ៉េ (Apple Music Korea) (ថ្ងៃទី 26 ខែមករា ឆ្នាំ 2025)។
ទន្ទឹមនឹងនេះ ប៊យនីកដ័រ (BOYNEXTDOOR) បាននឹងកំពុងរៀបចំធ្វើដំណើរជុំវិញពិភពលោក សម្រាប់ការប្រគុំតន្ត្រី ប៊យនីកដ័រ ធួរ៍ ណក់ អន វ៉ុល វ័ន (BOYNEXTDOOR TOUR 'KNOCK ON Vol.1) ដោយពួកគេនឹងចាប់ផ្តើមដំបូងនៅទីក្រុងតូក្យូនៅថ្ងៃទី 30 ខែមករា ឆ្នាំ 2025 ហើយបន្ទាប់ពីនោះ ពួកគេនឹងចាប់ផ្តើមសម្តែងនៅក្នុងទីក្រុងចំនួន 6 ផ្សេងទៀតនៅទូទាំងប្រទេសជប៉ុន រួមមាន អៃឈិ (Aichi), អូសាកា (Osaka) និង ហ្វឹកឹអូកា (Fukuoka) មុននឹងបន្តទៅសិង្ហបុរី ម៉ានីល បាងកក តៃប៉ិ ហុងកុង និងចាកាតា ជាដើម៕