ខេត្តកណ្តាល ៖ 

ក្រុមក្មេងទំនើងចំនួន១២នាក់ ដែលបានដាក់រហ័សនាមក្រុមខ្លួនថា«ក្រុមCK កាហ្វេកុង» ត្រូវបានសមត្ថកិច្ច សហការតាមស្រាវជ្រាវ ឈានទៅធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ហើយ  ខណៈ០៦នាក់ទៀត បានរត់គេចខ្លួនក្នុងករណីហិង្សាធ្វើឲ្យខូចខាតដោយចេតនា ដែលបង្កហេតុកាលពីវេលាម៉ោង ០៣និង៣០នាទីរំលងអាធ្រាត ថ្ងៃ ទី១៤ខែតុលាឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ02 (ត្រង់កន្លែងផ្លូវកោង) ក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវបានឃាត់ខ្លួននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥  ។ 

លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះ មានឈ្មោះ សន សុវណ្ណា ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅភូមិលេខ(២) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។ រីឯសម្ភារៈខូចខាត មាន៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125 ពាក់ស្លាកលេខ ភ្នំពេញ 1LA- 7429 បាក់បែកក្បាំង ស្តុបមុខក្រោយ ។  ចំនែកជនសង្ស័យ «ក្រុមCK កាហ្វេកុង» មានគ្នីគ្នាចំនួន១២នាក់ ។

ចំពោះវត្ថុតាងដែលចាប់យក រួមមាន៖-ម៉ូតូចំនួន០៣គ្រឿង ១- ម៉ាកHonda C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1kQ-4229 , ២-ម៉ាកHonda C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1LB-8601, ៣- ម៉ាកSuzuki nex DiGi ពណ៌ស ស្លាកលេខភ្នំពេញ1kT- 1965 ជារបស់ក្រុមជនសង្ស័យ ជិះធ្វើសកម្មភាព និងទូរសព្ទ័ចំនួន០៤គ្រឿង ។

ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីឯ.ឧ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អធិការដ្ឋានគរបាលក្រុងតាខ្មៅ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន០៦នាក់ នៅថ្ងៃទី០១ខែមករាឆ្នាំ២០២៥  យកទៅសាកសួរនៅការិយាល័យ រួចបានប្រគល់ក្មេងទំនើងចំនួន០៤នាក់ឲ្យមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដែលជាម្ចាស់ករណីដើម្បីចាត់ការតាមនិតិវិធី ចំនែកជនសង្ស័យ០២នាក់ទៀតមិនទាន់បានប្រគល់ឲ្យនោះ គឺនៅបន្តសាកសួរ ដោយសារបានប្រព្រឹត្តច្រើនករណីនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

តាមចម្លើយសារភាពជនសង្ស័យទាំង០៤នាក់បានឆ្លើយថា÷ពួកក្រុមខ្លួនពិតជាបាននាំគ្នាជិះម៉ូតូធ្វើសកម្មភាពហែរហមនិងយកកាំបិត ដាវ កាប់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យខូចខាតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕