(ព្រះសីហនុ)៖ 

ក្រុមអ្នកដឹកជញ្ជូនម្ហូបអាហាររបស់ក្រុមហ៊ុន E-Gets ចំនួន៤នាក់ ក្នុងចំណោមបក្ខពួកជាច្រើនទៀត ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនពាក់ព័ន្ធករណីព្រួតវាយរថយន្ដជនជាតិចិន ដែលបង្កគ្រោះថ្នាក់បុកជាមួយរថយន្ដ២គ្រឿងទៀត តែរត់គេចមិនឈប់ដោះស្រាយ។

គូសបញ្ជាក់ថាកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ មានហេតុការណ៍យ៉ាងអណាធិបតេយ្យមួយ បានកើតឡើង ដោយជនជាតិចិនម្នាក់ ត្រូវបានក្រុមអ្នកដឹកជញ្ជូនក្រុមហ៊ុន E-Gets ដេញតាមវាយរថយន្ដ និងខ្លួនប្រាណ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារតែជនជាតិចិនរូបនោះ បង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេច។

លុះរំលងបានប៉ុន្មានម៉ោងក្រោយ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនយុវជនចំនួន៤នាក់ ដើម្បីយកមកធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។ ចំពោះអត្តសញ្ញាណក្រុមយុវជនដែលជាអ្នកដឹកម្ហូបនោះ មិនទាន់ត្រូវបានសមត្ថកិច្ចបង្ហាញឲ្យដឹងនៅឡើយទេ៕