កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ កញ្ញា អ៊ិន លក្ខិណា ដែលជា មីស ខូសម៉ូ ខេមបូឌា (Miss Cosmo Cambodia) ឆ្នាំ២០២៤ បានរៀបចំកម្មវិធីជួបជុំបណ្តាអ្នកគាំទ្ររបស់ខ្លួន នៅក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ ក្រោយពេលប្រកួតចប់ពីវេទិកាប្រកួតសម្រស់លក្ខណៈអន្តរជាតិ មីស ខូសម៉ូ (Miss Cosmo) ឆ្នាំ២០២៤ កាលពីពេលកន្លងទៅ ដែលនេះចាត់ទុកថាជាលើកដំបូងរបស់បវរកញ្ញារូបនេះក្នុងការរៀបចំកម្មវិធីបែបនេះឡើងមក។ ពីក្មេងស្រីដែលមានការតស៊ូនៅលើវិថីនៃការប្រកួតបវរកញ្ញា ដើម្បីស្រវាចាប់ក្តីស្រមៃរបស់ខ្លួន រហូតទទួលបានជោគជ័យថែមមួយកម្រិតទៀតពីវិស័យមួយនេះ លក្ខិណាក៏មិនភ្លេចធ្វើការថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រដ៏ខ្លាំងក្លារបស់ខ្លួន បណ្តាអ្នកឧបត្ថម ក្រុមការងារ និងជាពិសេសគឺកញ្ញា ជីមមី ផ្ទាល់តែម្តងដែលបានជួយយកអាសានាពេលកន្លងមក នេះបើយោងតាមការឱ្យដឹងនៅក្នុងថ្ងៃធ្វើកម្មវិធីនេះផ្ទាល់។ ជាការពិតណាស់ កម្មវិធីជួបជុំបណ្តាអ្នកគាំទ្ររបស់ លក្ខិណា អាចនិយាយបានថា មានគ្រប់រសជាតិតែម្តង ពោលគឺ សើច យំ លាយលំនឹងភាពរំភើប សប្បាយរីករាយ គឺមាននៅក្នុងថ្ងៃធ្វើកម្មវិធីនោះ។ ក្រៅពីនេះ បវរកញ្ញារាងតូចច្រលឹង អ៊ិន លក្ខិណា ក៏បានបង្ហាញការដើរបង្អួតរាងដ៏ស្រស់ស្អាត ដែលមហាជនគិតថាជាចំណុចដ៏លេចធ្លោ ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ លក្ខិណា ក៏បានបង្ហើរសំនៀងចំនួនបីបទ ដែលនេះចាត់ទុកថាជាលើកដំបូងដែលបានឃើញបវរកញ្ញារូបនេះបកស្រាយបទចម្រៀងផងដែរ។ បន្ថែមពីនេះ នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការថតរូបជុំគ្នាជាមួយអ្នកគាំទ្ររបស់ខ្លួនដើម្បីទុកជាអនុស្សាវរីយ៍ទៅថ្ងៃក្រោយ។

គួរឱ្យដឹងថា អ៊ិន លក្ខិណា គឺជាបវរកញ្ញាខ្មែរមួយរូបដែលបានតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិចំនួនពីរកម្មវិធី រួមមាន មីស ស៊ុប្រាណាសិនណល (Miss Supranational) ឆ្នាំ២០២២ មិនទទួលបានជ័យលាភីត្រលប់មកវិញ និង មីស ខូសម៉ូ (Miss Cosmo) ឆ្នាំ២០២៤ ទទួលបានតំណែង Top 10 ពីកម្មវិធី៕