បើកទំព័រសករាជថ្មីដើមឆ្នាំ ២០២៥ តារាចម្រៀងរ៉េបដ៏ល្បីលោក G-Davith ដែលជាប៉ាប៉ាអូនតូច Albert បានទម្លាក់បទចម្រៀងថ្មីមួយដែលមានចំណងជើងថា “ថីអ្ហែងថី” ទទួលបានអ្នកចុចទស្សនានៅលើហ្វេសប៊ុករហូតដល់ទៅ ១០ លានដងឯណោះ ត្រឹមតែរយៈពេល ២៥ ម៉ោងប៉ុណ្ណោះ។
“ថីអ្ហែងថី” បទថ្មីរបស់លោក G-Davith ត្រូវបានដឹងថាទម្លាក់នៅយប់ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។ បទចម្រៀងមួយបទនេះមានសន្ទុះនៃការគាំទ្រលើសពីការរំពឹងទុក សូម្បីសាមីខ្លួនដែលជាម្ចាស់បទចម្រៀងក៏មិនរំពឹងថានឹងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់បែបនេះដែរ។
ជាមួយនឹងសម្លេងនៃការគាំទ្រ ក៏មានមតិមួយចំនួនបានធ្វើការរិះគន់ទៅលើឃ្លាចម្រៀងមួយដែលបាននិយាយថា “ដៃខ្លីជើងខ្លីមួយជីវិត” ដែលមហាជនគិតថាជាពាក្យមិនសរម្យ និងបានមើលងាយទៅកាន់មនុស្សមួយចំនួនដែលស្ថិតនៅក្នុងជំពូកនេះផងដែរ។
យ៉ាងណាមិញ អ្នកគាំទ្រតារាចម្រៀងរ៉េបរូបនេះ ក៏បានចេញមកការពារ Idol របស់ខ្លួនដូចគ្នា ពោលគឺឃ្លានៅក្នុងបទចម្រៀងរ៉េប ជាធម្មតាតែងតែមានពាក្យពេចន៍អសុរោះលាយលំគ្នា វាមិនមែនជារឿងចម្លែកនោះទេ៕