មហាជនកំពុងត្រៀមខ្លួនរាប់ថយក្រោយរឿងថ្មីរបស់ កូ អារ៉ា (Go Ara), ចាង រ្យ៉ូល (Jang Ryul) និង ឆានី (Chani) នៅក្នុងរឿង ឌឹ ស្កេនដល អ៊ហ្វ ឈុនវ៉ា (The Scandal of Chunhwa) ដែលនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ខាងមុខនេះ។
ឌឹ ស្កេនដល អ៊ហ្វ ឈុនវ៉ា (The Scandal of Chunhwa) គឺជាខ្សែភាពយន្តភាគស្នេហាបែបរ៉ូមែនទិចផ្អែកលើប្រវត្តិសាស្ត្រនាសម័យចូសន់ ដែលតំណាលពីជីវិតរបស់ព្រះនាងមួយអង្គព្រះនាម វ៉ារិ (Hwa Ri) ដែលសម្តែងដោយ កូ អារ៉ា (Go Ara) ពោលគឺក្រោយពេលខូចចិត្តរឿងស្នេហាលើកដំបូងរបស់ខ្លួន ព្រះនាងអង្គនោះក៏បានប្រកាសការតាំងចិត្តថានឹងធ្វើការជ្រើសរើសស្វាមីដើម្បីជាគូអនាគត។ ការសម្រេចចិត្តធ្វើរឿងមួយនេះឡើងមករបស់ព្រះនាង វ៉ារិ (Hwa Ri) បានធ្វើឱ្យព្រះរាជវាំងមានភាពច្របូកច្របល់ ហើយព្រះនាងក៏មានសម្ព័ន្ធភាពស្អិតរមួតជាមួយបុរសពីរនាក់ គឺ ឆយ វ៉ាន់ (Choi Hwan) សម្តែងដោយ ចាង រ្យ៉ូល (Jang Ryul) ជាបុរសរប៉ិលរប៉ូចប្រចាំទីក្រុង និង ចាង វ៉ុន (Jang Won) សម្តែងដោយ ឆានី (Chani) ជាបុរសសម្បូរមន្តស្នេហ៍ប្រចាំទីក្រុង។
យ៉ាងណាមិញ ក្រោយពេលផលិតកម្មបានបញ្ចេញ Poster រឿង ឌឹ ស្កេនដល អ៊ហ្វ ឈុនវ៉ា (The Scandal of Chunhwa) រួចមក ឃើញថាខ្សែភាពយន្តនេះបាននឹងកំពុងអង្រួនអារម្មណ៍ទស្សនិកជន ចង់ឱ្យមានការចាក់បញ្ចាំងភ្លាមៗផងដែរ ព្រោះអ្នកទស្សនាចង់ដឹងសាច់រឿងមួយនេះថា តើព្រះនាងរើសប្តីអង្គនេះ ចុងបញ្ចប់នឹងសម្រេចបានដូចចិត្តប៉ង ឬមានការខកចិត្តដូចស្នេហាទីមួយរបស់ទ្រង់?៕