កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ផលិតកម្ម ហ្គូលមេដលលីស (GOLDMEDALIST) បានចេញមកអះអាងថា លី ឆេ មីន (Lee Chae-Min) បានទទួលការស្នើសុំឱ្យចូលរួមសម្តែងនៅក្នុងខ្សែភាពយន្ត ឌឹ ថាយរិន ស្ហេហ្វ (The Tyrant’s Chef) និងសង្កេតឃើញថា ការពិចារណាអាចនឹងទទួលបានលទ្ធផលវិជ្ជមានផងដែរ។
ឌឹ ថាយរិន ស្ហេហ្វ (The Tyrant’s Chef) គឺជាខ្សែភាពយន្តឆ្លងភព ដែលជាការផលិតឡើងមកវិញចេញពីប្រលោមលោកអនឡាញល្បីមួយ។ ខ្សែភាពយន្តនេះ និយាយពីរឿងរ៉ាវរបស់ចុងភៅស្រីដ៏ជោគជ័យម្នាក់ និងបានឆ្លងពេលវេលាទៅកាន់សម័យកាលបុរាណ រហូតបានជួបនឹងស្តេចកម្លោះមួយរូប ដោយស្តេចអង្គនោះមានការនិយាយតៗគ្នាថា ជាស្តេចផ្តាច់ការនិងឃោរឃៅបំផុត ប៉ុន្តែនៅជ្រុងមួយទៀតនៃជីវិតរបស់ស្តេចអង្គនេះ គឺចូលចិត្តការភ្លក្សម្ហូបអាហារទៅវិញ។
ដោយឡែក សម្រាប់គម្រោងនៃការផលិតរឿង ឌឹ ថាយរិន ស្ហេហ្វ (The Tyrant’s Chef) ក្រៅពីរំពឹងថានឹងទទួលបានការគាំទ្រពីទស្សនិកជនតាមរយៈតួសម្តែងល្បីៗហើយនោះ ថែមទាំងខណៈពេលនេះមានទស្សនិកជនជាច្រើនបាននឹងកំពុងរង់ចាំទស្សនាយ៉ាងតក់ក្រហល់ផងដែរ ព្រោះខ្សែភាពយន្តខាងលើ ទទួលបានការដឹកនាំសម្តែងដោយផលិតកររបស់រឿង សង្សារខ្ញុំជាមនុស្សភពផ្កាយ។
យ៉ាងណាមិញ គ្រាន់តែមានដំណឹងលេចលឺមកថា លី ឆេ មីន (Lee Chae-Min) នឹងចូលរួមសម្តែងជាតួអង្គធំនៅក្នុងរឿងនេះហើយនោះ អ្នកគាំទ្រក៏កំពុងតែចាំអ៊ុតមើលដែរថា តើតួឯកប្រុសស្រស់សង្ហារូបនេះ នឹងសម្តែងសមដល់កម្រិតណា។
គួរឱ្យដឹងដែរថាខ្សែភាពយន្តរឿង ឌឹ ថាយរិន ស្ហេហ្វ (The Tyrant’s Chef) គ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ tvN ៕