រាជធានីភ្នំពេញ  ៖ 

ទីតាំងលក់រថយន្តម៉ាក JETOUR ២កន្លែង ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យ និង ណែនាំ ក្រោយសង្ស័យមានការនាំចូលរថយន្ត JETOUR រំលោភសិទ្ធចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន KNN Cambodia ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយមានការដឹកនាំសម្របសម្រួលពីលោកវង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចឲ្យដឹងថា ទីតាំងដែលចុះត្រួតពិនិត្យរថយន្ត រួមមាន៖ យីហោ" ឆាយណាខា" ស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និង ហាងរថយន្តប្រណិត ឆោហ្វាន ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកំពុងដាក់តាំងលក់រថយន្តម៉ាក JETOUR សង្ស័យរំលោភសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន KNN (CAMBODIA) CO., LTD ។

តាមសមត្ថកិច្ច ឲ្យដឹងថាការចុះត្រួតពិនិត្យទីតាំងលក់រថយន្តនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងរបស់ក្រុមហ៊ុន KNN (CAMBODIA) CO., LTD។ 

ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញ បានរកឃើញរថយន្តជាច្រើនគ្រឿងដែលសង្ស័យ និងបានណែនាំដល់ម្ចាស់ទីតាំងទាំងពីរ ឲ្យបានយល់ដឹងពីផ្លូវច្បាប់ លើសិទ្ធិដែលក្រុមហ៊ុន KNN (CAMBODIA) CO., LTD ទទួលបានពីក្រុមហ៊ុន CHERY COMMERCIAL VEHICLE (ANHUI) CO., LTD ប្រទេសចិន ដោយបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូល ចែកចាយផ្តាច់មុខនូវរថយន្តម៉ាក JETOUR ម៉ូដែល DASHING, T2, X70, X70plus, X50, X90, X90plus និងគ្រឿងបន្លាស់ យកមកលក់ក្នុង ទីផ្សារព្រះរាជាណាចក្រកម្ពុជា ។ 

ដូចនេះ ចាប់ពីពេលនេះតទៅ ម្ចាស់ទីតាំងដាច់ខាតមិនត្រូវបន្តធ្វើការនាំចូលរថយន្តម៉ាក JETOUR និងគ្រឿងបន្លាស់ម៉ូដែលខាងលើនោះទេ បើពុំនោះទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ រួមទាំងការពិនិយសងជំងឺចិត្តយ៉ាងធ្ងន់ធ្ងរដល់ ក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខគឺក្រុមហ៊ុន ខេអិនអិន ខេមបូឌា។ 

សមត្ថកិច្ច បញ្ជាក់ទៀតថាសមត្ថកិច្ចជំនាញ នឹងបន្តចុះត្រួតពិនិត្យលើទីតាំងផ្សេងៗបន្ថែមទៀត ប្រសិនបើមានករណីសង្ស័យណាមួយលើទីតាំងផ្សេងៗដែលនាំចូលរថយន្តម៉ាក JETOUR រំលោភសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន ខេអិនអិន ខេមបូឌា ៕