ថ្មីៗនេះ ជីស៊ូ (Jisoo) សមាជិកក្រុមប្ល៊ែកភីង (BLACKPINK) បានប្រកាសចុះកុងត្រាជាមួយផលិតកម្មយក្សលំដាប់ថ្នាក់ពិភពលោក វ៉នណឺរ៍ រីខត (Warner Records) និងត្រៀមបញ្ចេញមីនីអាល់ប៊ុមសូឡូ (Mini Album Solo) ដែលមានឈ្មោះថា អេម័រថេក (AMORTAGE) នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។ ជាមួយគ្នានេះ តារាចម្រៀងស្រីរូបនេះ បានបង្ហាញអារម្មណ៍រំភើបរីករាយដែលបានរួមការងារជាមួយផលិតកម្មខាងលើ ដោយបានឱ្យដឹងថា វាប្រៀបដូចជាការចាប់ផ្តើមនៅលើវិថីសិល្បៈជាលើកដំបូងអ៊ីចឹង។ បន្ថែមពីនេះ ជីស៊ូ (Jisoo) ថែមទាំងបានអរគុណទៅកាន់ ប្លីង (BLINK) ដែលជាអ្នកគាំទ្ររបស់ខ្លួន ដែលតែងតែផ្តល់ក្តីស្រឡាញ់ និងការគាំទ្រកន្លងមក។
គួរឱ្យដឹងថា ជីស៊ូ (Jisoo) រួមទាំងសមាជិកបីរូបផ្សេងទៀតរបស់ក្រុមចម្រៀង ប្ល៊ែកភីង (BLACKPINK) បានសម្រេចចិត្តមិនបន្តកុងត្រាជាមួយផលិតកម្ម YG Entertainment នេះបើតាមការឱ្យដឹងពីពត៌មានក្នុងស្រុកមួយឈ្មោះថា ញូវនីស (Newsis) កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣។ ក្រោយពេលពួកគេបញ្ចប់កុងត្រាជាមួយផលិតកម្មចាស់រួចមក ឃើញថាពួកគេបានបន្តអាជីពជាតារាចម្រៀងទោលនៅក្នុងវិស័យតន្ត្រីដដែល៕