ក្រោយពេលបង្ហាញខ្លួនជាផ្លូវការបានប្រហែល៦ឆ្នាំ ថ្ងៃនេះ យ៉េជី (YEJI) សមាជិកក្រុម អ៊ីតស្ស៊ី (ITZY) បានបើកទំព័រសក្ករាជថ្មីឆ្នាំ ២០២៥ ដោយការប្រកាសដំណឹងល្អពីការត្រៀមខ្លួនបញ្ចេញបទចម្រៀងទោលដំបូងគេបង្អស់នៅក្នុងក្រុម។
កាលពីថ្ងៃទី១៧ ខែមករា ក្រោយពេលមានការរាយការពីទីស្នាក់ការពត៌មាននៅក្នុងប្រទេសកូរ៉េបានឱ្យដឹងថា យ៉េជី (YEJI) សមាជិកក្រុម អ៊ីតស្ស៊ី (ITZY) នឹងត្រៀមខ្លួនបញ្ចេញបទចម្រៀងទោលដំបូងគេបង្អស់នៅក្នុងក្រុមនៅពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ។ ជាមួយគ្នានេះ ផលិតកម្ម ជេវ៉ាយភី អ៊ីនធឺធិនមែន (JYP Entertainment) ក៏បានចេញមកបញ្ជាក់ជាផ្លូវការពាក់ព័ន្ធនឹងពត៌មាននេះដែរថា “ខណៈពេលនេះ យ៉េជី កំពុងត្រៀមខ្លួនសម្រាប់ការបង្ហាញខ្លួនជាសិល្បការិនីទោលដំបូងគេបង្អស់នៅក្នុងក្រុម អ៊ីតស្ស៊ី (ITZY)”។ ផលិតកម្មនេះ ក៏បានបន្ថែមឱ្យដឹងទៀតថា “នៅពេលនេះនៅមិនទាន់មានការកំណត់ជាក់លាក់ពីថ្ងៃបង្ហាញបទចម្រៀងទោលរបស់តារាស្រីរូបនេះនៅឡើយទេ”។
យ៉េជី (YEJI) គឺជាប្រធានក្រុម អ្នករាំដ៏សំខាន់ អ្នកច្រៀងនាំមុខ និងជាតារាចម្រៀងរ៉េបប្រចាំក្រុម អ៊ីតស្ស៊ី (ITZY) ផងដែរ ដែលអាចនិយាយបានថាជាតារាចម្រៀងម្នាក់ពោរពេញដោយសមត្ថភាព និងទេពកោសល្យជាច្រើន ដោយបានឆ្លងកាត់ការប្រលងនៅក្នុងកម្មវិធី ឌឹហ្វេន (The Fan) មុននឹងមានការបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ២០១៩។
ក្រៅពីនេះ យ៉េជី (YEJI) ថែមទាំងបានបង្ហាញសមត្ថភាពតាមរយៈបទចម្រៀងក្រុមជាច្រើន ពោល ឌែលឡា ឌែលឡា (DALLA DALLA), វ័នណាប៊ី (WANNABE), និង ឡូកូ (LOCO) ជាដើម។ មិនតែប៉ុណ្ណោះតារាស្រីរូបនេះថែមទាំងមានសមត្ថភាពច្រៀង Cover បទ រីវើរ៍ (River) ដែលគិតមកត្រឹមពេលនេះមានអ្នកទស្សនាលើសពី៦០លានដងហើយនៅលើឆាណែលយូធូប ថែមទាំងមានឱកាសច្រៀងបទចម្រៀងសម្រាប់ដាក់នៅក្នុងខ្សែភាពយន្តផងដែរ៕