តារាសម្តែងជើងចាស់របស់ប្រទេសកូរ៉េខាងត្បូងដែលមហាជនស្គាល់យ៉ាងច្បាស់តាមរយៈខ្សែភាពយន្តរឿង ធែកស៊ី ដ្រាយវឺ (Taxi Driver) លោក លី យូន ហ៊ី (Lee Yoon Hee) បានស្លាប់កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ក្នុងអាយុ ៦៤ ឆ្នាំ។

មហាជន និងមិត្តរួមអាជីពការងាររបស់តារាប្រុសរូបនេះ មានការតក់ស្លុតជាខ្លាំងបន្ទាប់ពីទទួលបានដំណឹងដ៏រន្ធត់នេះ ព្រោះកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ សាមីខ្លួនទើបតែចុះកុងត្រាជាមួយផលិតកម្ម ប៊ឹម អ៊ីនធឺធិនមែន (Beom Entertainment) ដើម្បីត្រៀមខ្លួនសម្រាប់គម្រោងថ្មីៗដែលកំពុងនឹងមកដល់នាពេលខាងមុខនេះ។

យ៉ាងណាមិញ ផលិតកម្ម ប៊ឹម អ៊ីនធឺធិនមែន (Beom Entertainment) ក៏បានផ្ញើសាររំលែកទុក្ខទៅកាន់ក្រុមគ្រួសារនិងអ្នកគាំទ្ររបស់លោកផងដែរ ព្រមទាំងបានបញ្ជាក់ឱ្យដឹងដែរថា លោក លី យូន ហ៊ី (Lee Yoon Hee) មុនពេលស្លាប់គឺនៅមានសុខភាពល្អធម្មតាទេ។ 

ដោយឡែកនៅក្នុងសាររំលែកទុក្ខនោះបានរៀបរាប់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារនៃសព ដែលកំពុងកាន់ទុក្ខចំពោះការបាត់បង់សមាជិកភ្លាមៗបែបនេះ និងអ្នកទាំងអស់គ្នាដែលបារម្ភ និងស្រឡាញ់តារាសម្តែង លោក លី យូន ហ៊ី (Lee Yoon Hee)។ ការចាកចេញរបស់លោកគឺជាការបាត់បង់ដ៏ធំមួយសម្រាប់យើងទាំងអស់គ្នា ប៉ុន្តែយើងនឹងលើកកម្ពស់និងតម្លៃរបស់គេ ដោយរក្សាទុកនូវអនុស្សាវរីយ៍ដ៏កក់ក្តៅ និងគុណូបការៈដែលគេបានបន្សល់ទុក»។

គួរឱ្យដឹងដែរថាទីតាំងនៃការប្រារព្ធពិធីបុណ្យសពនឹងធ្វើឡើងនៅមន្ទីរពេទ្យអ៊ុលសាន ប្រទេសកូរ៉េខាងត្បូង៕