រាជធានីភ្នំពេញ ៖
បុរសម្នាក់ បានរថយន្តបង្កម៉ាក Lexus NX200t មួយគ្រឿង បោះពួយយ៉ាងលឿន មិនបានប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យខូចខាតចំនួន២កង់ ចំណែករថយន្តបង្ក បានដាច់កង់ម្ខាង ទៅមុខលែងរួច ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៤ខែមករា ឆ្នាំ២០២៥ ចំណុចទល់មុខផ្សារទំនើបស៊ីធីម៉ល ស្ថិតនៅលើផ្លូវ២១៧ សង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កមួយគ្រឿងម៉ាក Lexus NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CC-3635 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ។
លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើទល់មុខនិងផ្សារទំនើបស៊ីធីម៉ល ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង ធ្វើឲ្យរបាំងថ្ម បាក់ចំនួនពីរកង់ ខ្ទាតចេញពីកន្លែងដើម រងការខូចខាត។ ចំណែករថយន្តបង្កវិញ បានបន្តល្បឿនទៅមុខ បានប៉ុន្មានម៉ែត្រ ក៏ដាច់កង់មុខមួយចំហៀងផ្នែកខាងឆ្វេងទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់អ្នកបើកបរឬក៏ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ហើយភ្លាមនោះដែរ អ្នកបើករថយន្តបង្ក បានបើកទ្វារគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ ៕