ដូចដែលមហាជនបានដឹងស្រាប់ហើយថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ វេទិកាប្រកួតសម្រស់ មីស ខូសម៉ូ ខេមបូឌា (Miss Cosmo Cambodia) បានធ្វើសន្និសីទសារពត៌មាន ក្រោមព្រះវត្តមាននៃការអញ្ជើញចូលរួមរបស់ព្រះនាងតូច នរោត្តម ជេនណា ជាឯកអគ្គរដ្ឋទូតកិត្តិយស, លោក ហ៊ែនរី (Henry) ស្ថាបនិក មីស ខូសម៉ូ (Miss Cosmo), កញ្ញា ថីហ្វហ្វាន់នី វ៉ូ (Tiffany Vu) អ្នកគ្រប់គ្រងការប្រកួតថ្នាក់ជាតិ កញ្ញា គេទុត ភើរ៉ាម៉ាតា ជូលីអាស្ត្រីត (Ketut Permata Juliastrid) ម្ចាស់គ្រងតំណែង មីស ខូសម៉ូ (Miss Cosmo) ឆ្នាំ២០២៤ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដៃគូសហការ សិល្បករ សិល្បការិនី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។ នៅក្នុងកម្មវិធីនេះ គឺជាការចុះកិច្ចកុងត្រា ការប្រាប់ពីគោលបំណងនៃកម្មវិធីប្រកួតសម្រាប់ឆ្នាំ២០២៥ និងសកម្មភាពផ្សេងៗជាច្រើនទៀត។ ដោយឡែកមហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍ទៅលើចំណុចមួយដែលខាងកម្មវិធីបានលើកឡើង នោះគឺ សម្រាប់ឆ្នាំ២០២៥នេះ បវរកញ្ញាភេទទីបីក៏អាចចូលរួមប្រកួតបានដែរ ប៉ុន្តែត្រូវប្តូរភេទនៅក្នុងសំបុត្រកំណើតពីភេទប្រុសទៅភេទស្រីជាមុនសិន ទើបអាចប្រកួតបាន។ ជាការពិតណាស់ បន្ទាប់ពីដឹងនូវពត៌មានដ៏ភ្ញាក់ផ្អើលពីការប្រកួតនេះភ្លាម មហាជនជាច្រើនបាននាំគ្នាទទូចចង់ឱ្យកញ្ញា សៃ ហ្វុន (Sai Fhon) ចូលរួមប្រកួតផងដែរ។ ជាមួយគ្នានេះ កញ្ញា សៃ ហ្វុន (Sai Fhon) បានតបទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា “អរគុណសម្រាប់ក្តីស្រឡាញ់ និងការគាំទ្រ អ្នកទាំងអស់គ្នាបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល”។ យ៉ាងណាមិញ នេះគ្រាន់តែជាការបង្ហាញនូវអារម្មណ៍រំភើបរបស់កញ្ញា សៃ ហ្វុន (Sai Fhon) ទៅកាន់អ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះ ដោយឡែកការចូលរួមឬមិនចូលរួមការប្រកួត សាមីខ្លួននៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ។

គួរឱ្យដឹងថា សៃ ហ្វុន (Sai Fhon) គឺជាបវរកញ្ញាភេទទីបីម្នាក់ ដែលធ្លាប់ឈ្នះជាជ័យលាភីលេខ១ពីកម្មវិធី មីស ឃ្វីន ខេមបូឌា (Miss Queen  Cambodia) ឆ្នាំ២០២០ និងបានតំណាងឱ្យកម្ពុជាទៅប្រកួតនៅប្រទេសថៃនៅក្នុងកម្មវិធី មីស អ៊ីនធឺណេសិនណល ឃ្វីន (Miss International Queen) ឆ្នាំ២០២២ ទទួលបាន Top11 និង តំណែងលំដាប់រងទី១ពីកម្មវិធីបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៣៕