ដូចដែលមហាជនបានជ្រាបស្រាប់ហើយថា កញ្ញា ផេន ខេក តារាសម្តែង និងពិធីការិនីដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ថ្មីៗនេះបានបង្ហាញវត្តមានចូលរួមនៅក្នុងកម្មវិធីប្រកួតសម្រស់បវរកញ្ញាភេទទីបីមួយដែលមានឈ្មោះថា មីស ឃ្វីន ខេមបូឌា (Miss Queen Cambodia) ឆ្នាំ ២០២៥ ហើយទន្ទឹមនឹងការចូលរួមប្រកួតនេះទៀតសោត ក៏ទទួលបានសម្លេងនៃការគាំទ្រយ៉ាងច្រើនលើសលប់ពីអ្នកគាំទ្រផងដែរ។ ជាការពិតណាស់ កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ គឺជាថ្ងៃនៃការបំពាក់ឆៀងទៅកាន់បេក្ខនារីចូលរួមប្រកួតទាំងអស់នៅក្នុងកម្មវិធីប្រកួតសម្រស់ខាងលើ។ ជាមួយគ្នានេះ មុននឹងដល់ពេលនៃការបំពាក់ឆៀង កញ្ញា ផេន ខេក ដែលជាបេក្ខនារីមួយរូបនៅក្នុងការប្រកួតក៏បានបង្ហោះវីដេអូមួយនៅក្នុង Story ដោយមានការនិយាយដូច្នេះថា “ខ្ញុំដើរគាំទ្រគេ មិនថាកម្មវិធីបវរកញ្ញាណាក៏ដោយ អ៊ីចឹងខ្ញុំមិននិយាយអ្វីច្រើនទេ ហើយខ្ញុំក៏មិនឆាតទៅប្រាប់មុនដែរ ខ្ញុំចង់ដឹងទឹកចិត្តថាមានអ្នកមកគាំទ្រខ្ញុំអត់ ហើយថ្ងៃនេះនឹងដឹងហើយថាអ្នកណាស្រឡាញ់យើងមែន និងមិនស្រឡាញ់យើងមែន ហើយអ្នកណាមកគាំទ្រខ្ញុំមែន នោះបានន័យថាគេពិតជាស្រឡាញ់យើងមែនទែនហើយ”។ ដោយឡែក ក្រោយពេលបំពាក់ឆៀងរួច កញ្ញា ផេន ខេក បានបង្ហាញអារម្មណ៍ខកចិត្ត ព្រោះមិនដូចអ្វីដែលខ្លួនប៉ង ពោលគឺមិនមានអ្នកមកគាំទ្រខ្លួនវិញសោះ ដោយកញ្ញាបានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា “ម្តងគេម្តងយើង តែដល់ពេលយើងរកម្នាក់គ្មាន”។
យ៉ាងណាមិញ បន្ទាប់ពីបង្ហោះសារបែបនេះរួចមក មានអ្នកគាំទ្រជាច្រើនបានចូលទៅលើកទឹកចិត្តឱ្យខំប្រឹងបន្តទៀត ថែមទាំងបានសរសើរថា ធ្វើបានល្អទៀតផងនៅក្នុងថ្ងៃបំពាក់ឆៀងនេះ៕