ជាការពិតណាស់ កម្មវិធីប្រកួតសម្រស់ មីស អ៊ែន មីសស្ទ័រ ស៊ុប្រាណាសិនណល ខេមបូឌា (Miss & Mister Supranational Cambodia) ឆ្នាំ២០២៥ បាននឹងកំពុងធ្វើឡើងដើម្បីស្វែងរកបេក្ខភាពដ៏ស័ក្តិសមសម្រាប់កម្មវិធី។ ជាមួយគ្នានេះ កាលពីពេលថ្មីៗកន្លងទៅ កម្មវិធីប្រកួតសម្រស់ខាងលើ បានឈានមកដល់វគ្គសម្ភាសជម្រុះបេក្ខភាព ស៊ុប្រា ហ្គេត អូឌិសិន រោន ធូ (Supra Gate Audition Round 2) ហើយ។ បេក្ខភាពនីមួយៗបានប្រឹងប្រែងបញ្ចេញសមត្ថភាពរៀងៗខ្លួនដើម្បីទាក់ចិត្តគណៈកម្មការឱ្យជ្រើសរើសយកខ្លួនដើម្បីទៅកាន់វគ្គបន្ត។ ក្នុងនោះ កញ្ញា ស៊ីតនី ម៉ារីត (Sydney Marith) ដែលជាបេក្ខនារីមួយរូបនៅក្នុងការប្រកួត កំពុងទាក់ចិត្តពីសំណាក់មហាជនជាខ្លាំង ពោលគឺនៅវគ្គសម្ភាសជម្រុះនេះផ្ទាល់ កញ្ញាបាននិយាយភាសាអង់គ្លេសសុទ្ធជាមួយគណៈកម្មការ ព្រមជាមួយភាពជឿជាក់ និងរូបសម្បត្តិដ៏ស្រស់សោភាជាដើម។ ដ្បិតថា នេះគឺជាលើកដំបូងនៅក្នុងវិស័យប្រកួតសម្រស់របស់ ស៊ីតនី ក៏ពិតមែន ប៉ុន្តែក្រោយពេលបញ្ចេញសមត្ថភាពរួចមក មហាជនដាក់ក្តីរំពឹងថា នឹងអាចមានឱកាសឈានទៅកាន់វគ្គបន្តបន្ទាប់ទៀតផងដែរ។

គួរឱ្យដឹងថា ស៊ីដនី ម៉ារីត គឺជាកូនកាត់ខ្មែរអាមេរិក កើតនិងធំធាត់នៅសហរដ្ឋអាមេរិក ហើយកញ្ញាបានចាប់ផ្តើមធ្វើជាតារាបង្ហាញម៉ូតតាំងពីអាយុ១៦ឆ្នាំមកម្ល៉េះ៕