រាជធានីភ្នំពេញ ៖

រថយន្តម៉ាក Toyota ព្រូសមួយគ្រឿង បានបើកបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកគោមួយគ្រឿង នៅចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យរងការខួចខាតធ្ងន់ធ្ងរទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវOCIC ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

តាមសាក្សី បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BH-8199 បានធ្វើដំណើរតាមផ្លូវអភិវឌ្ឍន៍អូស៊ីអាយស៊ីក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន។ នៅពេលធ្វើដំណើរមកដល់ផ្លូវបំបែកជាបួន ក៏បានបុករថយន្ដម៉ាកហ៊ីយ៉ាន់ដាយដឹកគោមួយគ្រឿង ពណ៌ខៀវ ពាក់ផ្លាក លេខ ធ-០៤៤៥ ភព២ ដែលធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីកើត។

នៅក្នុងគ្រោះថ្នាក់នេះ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតធ្ងន់ធ្ងរ។ តែសំណាង ពុំបណ្ដាលឲ្យមនុស្សរងរបួសឡើយ។ បន្ទាប់ពីកើតហេតុ រថយន្តទាំងពីរគ្រឿងក៏បានសម្របសម្រួល តែពុំត្រូវគ្នា ដោយម្នាក់ៗទាមទារត្រូវរៀងខ្លួន ហើយ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ចុះទៅស្ទួចយករថយន្តទៅកាន់អធិការដ្ឋានខណ្ឌជ្រោយចង្វារដើម្បីរង់ចាំដោះស្រាយបន្តទៀត៕