កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីវិទ្យុ យូ អ៊ីន រ៉េយ៍ឌីអូ (You In Radio), ផាក ចុង មីន (Park Jeong-min) តារាសម្តែងដែលបានប៉ះគ្នាជាមួយ ជីស៊ូ សមាជិកក្រុម ប៊ែកភីង (BLACKPINK) នៅក្នុងខ្សែភាពយន្តកំប្លែងមនោសញ្ចេតនា ញូវ ធូ ភា (Newtopia) បានចេញមកបង្ហើបឱ្យដឹងថា តារាប្រុសរូបនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសម្រកទម្ងន់ ដើម្បីត្រៀមថតខ្សែភាពយន្តថ្មីមួយ។

តាមរយៈការផ្តល់បទសម្ភាសជាមួយស្ថានីយ៍វិទ្យុខាងលើ ផាក ចុង មីន (Park Jeong-min) បានឱ្យដឹងថា ការរត់ហាត់ប្រាណគឺជាចំណុចដំបូងនៃការបញ្ចុះទម្ងន់របស់លោក។ តារារូបនេះក៏បានឱ្យដឹងទៀតថា ការចាប់ផ្តើមដំបូងគឺពិបាក ប៉ុន្តែពេលនេះគឺចាប់ផ្តើមស៉ាំហើយ។

ផាក ចុង មីន (Park Jeong-min) បាននិយាយនៅក្នុងកិច្ចសម្ភាសនោះថា៖ «ខ្ញុំចាប់ផ្តើមរត់បានប្រហែលជាបីខែហើយ រត់១០គីឡូម៉ែត្រក្នុងមួយថ្ងៃ ហើយការរត់ធ្វើឱ្យខ្ញុំស្រស់ស្រាយជាងមុនផងដែរ។ ការចាប់ផ្តើមដំបូងគឺពិបាក ប៉ុន្តែពេលនេះខ្ញុំអាចរត់បាន១០គីឡូម៉ែត្រដោយគ្មានបញ្ហា មិនតែប៉ុណ្ណោះវាថែមទាំងជួយឱ្យយើងមានអារម្មណ៍ល្អថែមទៀតផង។ ចំណែកឯការរត់របស់ខ្ញុំ ជាធម្មតាគឺរត់នៅចន្លោះម៉ោង៨យប់»។

តារារូបនេះក៏បានឱ្យដឹងទៀតថា ក្រៅពីរត់១០គីឡូម៉ែត្រក្នុង១ថ្ងៃហើយនោះ លោកក៏ផ្អាកការញ៉ាំអាហារពេលល្ងាចផងដែរ ប៉ុន្តែបើឃ្លានគឺញ៉ាំបន្តិចបន្តួចមុនពេលរត់ហាត់ប្រាណប៉ុណ្ណោះ។

គួរឱ្យដឹងដែរថា បន្ទាប់ពីធ្វើទម្លាប់ទាំងអស់នោះរួចមក ផាក ចុង មីន (Park Jeong-min) បានស្រកគីឡូអស់រហូតដល់ ១៧ គីឡូឯណោះ។ ដោយឡែកសម្រាប់ការរត់ហាត់ប្រាណបញ្ចុះគីឡូនេះ គឺដើម្បីថតរឿងថ្មីមួយដែលមានឈ្មោះថា ហ៊្សូមីន (Humint)៕