រាជធានីភ្នំពេញ ៖ 

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានប្រើវិធានការរដ្ឋបាល ចុះរុះរើកាត់សំយ៉ាបនិងប៉ាណូរោងតូបលក់ដូរ ដែលបានសាងសង់រំលោភយកចិញ្ចឹមផ្លូវធ្វើអាជីវកម្មលក់ដូរនៅតាមបណ្ដោយផ្លូវបេតុង(ផ្លូវQMI)ដែលតែងតែបង្កឲ្យកក់ស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។ 

ការប្រើវិធានការរដ្ឋបាលនេះ ធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០២៥នៅតាមបណ្ដោយផ្លូវបេតុងដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ រហូតទៅដល់រោងចក្រQMI ដែលស្ថិតនៅក្នុងភូមិជម្ពូវ័នទី២, ភូមិព្រៃព្រីងខាងជើង២ និង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមានការចូលរួមពីគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅ ៣ផងដែរ។ 

លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍ដែនជ័យ បានឲ្យដឹងថាការប្រើវិធានការរដ្ឋបាលនេះ ធ្វើឡើងតាមការណែនាំរបស់ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបើកផ្លូវឲ្យធំទូលាយដើម្បីរំដោះចរាចរណ៍ដែលតែងតែកកស្ទះ។ ម្យ៉ាងទៀត ជាការចូលរួមលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើង។

លោកប៉ាង លីដា បានឱ្យដឹងទៀតថាមុនការប្រើវិធានការរដ្ឋបាលអាជ្ញាធរខណ្ឌ សង្កាត់ចោមចៅទី៣ បានចុះទៅវាស់វែងកំណត់ចិញ្ចើមផ្លូវ និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលសាងសង់រោង តូបលក់ដូរនៅតាមដងផ្លូវឲ្យរុះរើដោយខ្លួនឯង តែអាជីវករមួយចំនួនមិនបានស្ដាប់តាមការណែនាំឡើយ ទើបអាជ្ញាធរប្រើវិធានការរដ្ឋបាលចុះមករុះរើកាត់ចេញតែម្ដង។

គួរបញ្ជាក់ថាកំណាតផ្លូវនេះ ជាផ្លូវធំសម្រាប់រំដោះចរាចរណ៍ដែលមានទទឹងប្រវែង១៨ ម៉ែត្រ ហើយត្រូវបានជាពលរដ្ឋរស់នៅតាមដងផ្លូវសាងសង់សំយាបតូបលក់ដូររំលោភយកចិញ្ចឹមផ្លូវធ្វើអាជីវកម្ម ធ្វើឲ្យផ្លូវមានលក្ខណៈទៅជាចង្អៀត តែងតែបង្កឲ្យមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ទាំងនៅពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ជាពិសេសពេលម៉ោងដែលកម្មកររោងចក្រចេញពីធ្វើការតែម្ដង៕ ដោយ៖ម៉េង ធា