កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ សារពត៌មានកូរ៉េ ស្តារញូវ (STARNEWS) បានចេញសេចក្តីរាយការណ៍មួយថា រ៉ូអ៊ុន (Ro Woon) នឹងសម្តែងជាតួឯកប្រុសនៅក្នុងខ្សែភាពយន្តថ្មីមួយដែលមានឈ្មោះថា ហ្សាញនីង (Shining) (ឈ្មោះមិនផ្លូវការ)។
ដោយឡែកខាងផលិតកម្ម អេហ្វអ៊ែនស៊ី អ៊ីនធឺធិនមែន (FNC Entertainment) ដែលជាផលិតកម្ម រ៉ូអ៊ុន (Ro Woon) បានជ្រកកោន បានចេញមកអះអាងថា “នេះគឺជាគម្រោងដែលកំពុងស្ថិតនៅក្នុងការពិចារណាជាពិសេស និងយ៉ាងល្អិតល្អន់បំផុត”។ យ៉ាងណាមិញបើត្រលប់ទៅកាន់ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លទៅ តារាសម្តែងលោក ឆែ ជុង យ៉ប (Chae Jong-hyeop) ក៏ត្រូវបានផលិតករទាក់ទងដើម្បីឱ្យថតខ្សែភាពយន្តមួយនេះផងដែរ ប៉ុន្តែត្រូវបានតារាប្រុសរូបនេះធ្វើការបដិសេធ។
ក្រោយពេល ឆែ ជុង យ៉ប បានធ្វើការបដិសេធថតខ្សែភាពយន្តនេះរួចមក ផលិតករក៏បានធ្វើការទាក់ទងមកកាន់តារាសម្តែងប្រុសលោក រ៉ូអ៊ុន (Ro Woon) ហើយខណៈពេលនេះតារាប្រុសរូបនេះក៏កំពុងតែស្ថិតនៅក្នុងការពិចារណាដើរជាតួអង្គ “យ៉ន ថេ អូ” ផងដែរ។
ដូចនេះ បើសិនជា រ៉ូអ៊ុន (Ro Woon) សម្រេចចិត្តសម្តែងនៅក្នុងរឿង ហ្សាញនីង (Shinnig) គេនឹងដើរជាតួអង្គឈ្មោះ “យ៉ន ថេ អូ” គឺជាតួអង្គមួយដែលជាបុគ្គលិកបម្រើការនៅស្ថានីយរថភ្លើង ហើយជីវិតរបស់គេមានការផ្លាស់ប្តូរខ្លាំង ក្រោយពេលកើតឧប្បត្តិហេតុ កាលពីអាយុ ១៩ ឆ្នាំ ពោលគឺបានបាត់បង់ជីវិតឪពុកម្តាយ និងប្អូនប្រុសដែលមានរងរបួសយ៉ាងធ្ងន់ធ្ងរជាដើម៕