រាជធានីភ្នំពេញ ៖
បុរសជនជាតិចិន បើករថយន្ត Rolls Royce ក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាបួន ជ្រុលទៅបុករថយន្ត វីរៈប៊ុនថាំ ដែលកំពុងបើកឆ្លងផ្លូវ ពេញទំហឹង និង បន្តទៅបុក ម៉ូតូ រួមនិងរថយន្តចតចោល បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២រសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវលេខ១៩ កែងផ្លូវលេខ១០៦ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមព័ត៌មានពីទីតាំងកើតហេតុ បានឲ្យដឹងថា គេ បានឃើញរថយន្តមួយគ្រឿង ម៉ាក Rolls Royce ពណ៌ខ្មៅ បើកបរដោយជនជាតិចិន តាមបណ្តោយផ្លូវលេខ១០៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន បានជ្រុលទៅបុករថយន្តដឹកទំនិញរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលធ្វើដំណើរពីត្បូងទៅជើង ហើយកំពុងឆ្លងផ្លូវ ពេញទំហឹង បណ្តាលឲ្យក្រឡាប់ បួនជុំ រួចរថយន្ត Rolls Royce បានបន្តល្បឿនជ្រុលទៅបុកម៉ូតូ និង រថយន្តចតចោលមួយគ្រឿងទៀត បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើករថយន្ត Rolls Royce ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ ប៉ុស្តិ៍នគរបាលស្រះចកដើម្បីសួរនាំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានធ្វើការវាស់វែងរថយន្តទាំង២គ្រឿង រួមទាំងម៉ូតូ យកទៅរក្សាទុកជាបណ្តោះអាសន្ន ៕