រាជធានីភ្នំពេញ ៖ 

អ្នកចម្រៀងរ៉េបម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ RuthKo (រុតកូ) បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូបុកជាមួយរថយន្ដមួយគ្រឿង នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងរវាងរថយន្ដម៉ាក Lexus RX330 ពណ៌ស ពាក់ផ្លាកលេខខ.ម 2-4771 និងម៉ូតូម៉ាក Honda CRF ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1AL-9616 ក្នុងទិសដៅបញ្ច្រាសគ្នា។ សមត្ថកិច្ច បញ្ជាក់ថា រថយន្ដធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ហើយបានបុកជាមួយម៉ូតូធ្វើដំណើរត្រង់ពីត្បូងទៅជើង ។


តាមរយៈវីដេអូដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាព បង្ហាញឃើញថា អ្នកបើកម៉ូតូនៅពេលបុកជាមួយរថយន្ដ បានហោះទៅលើប្រហែល២-៣ម៉ែត្រ រួចធ្លាក់មកវិញ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ អ្នកស្លាប់ក្នុងហេតុការណ៍នេះឈ្មោះ ដាវិឌ ឬទ្ធីរុទ្រ ឬ RuthKo (រុតកូ) ជាតារាចម្រៀងរ៉េប អាយុ២៤ឆ្នាំ និងអ្នកបើករថយន្ដឈ្មោះ ណឹម ណាង អាយុ៣៥ឆ្នាំ មុខរបរជាមន្ដ្រីសមត្ថកិច្ច ។

ក្រោយហេតុការណ៍កើតឡើង អ្នកបើករថយន្ដ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងពិនិត្យរកសារជាតិស្រវឹងហើយលទ្ធផលបញ្ជាក់ថា អ្នកបើករថយន្ដមិនមានសារជាតិស្រវឹងឡើយ ។

ដោយឡែក អ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវត្ថុតាងទាំងពីរ ត្រូវបានយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់ ៕