វិស័យសិល្បៈខ្មែរបានបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបកាលពីពេលថ្មីៗនេះ ពោលគឺតារាចម្រៀងរ៉េបកូនកាត់ខ្មែរបារាំង លោកដាវីត ឫទ្ធិរុទ្រ ហៅ RuthKo បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង ១.៤០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥។ ចាត់ទុកថាជាពត៌មានដ៏សោកសៅបំផុត ប្រចាំដើមឆ្នាំ ២០២៥ ដោយតារាចម្រៀងរ៉េបរូបនេះ មានស្នាដៃជាច្រើននៅក្នុងវិស័យសិល្បៈខ្មែរ ទាំងការផលិតបទចម្រៀង និងការធ្វើជាគណៈកម្មការនៅក្នុងកម្មវិធីរ៉េបល្បីៗមួយចំនួនដូចជា “The Rapper Cambodia” និង “Rapper Fighter” ។

តាមរយៈគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានឱ្យដឹងថា លោក Ruthko ជិះម៉ូតូធំពណ៌ខ្មៅ ម៉ាក CRS ស្លាកលេខ បាត់ដំបង 1AL-9676 បានបុកយ៉ាងពេញទំហឹងជាមួយរថយន្ត LEXUS RX330 ពណ៌ស ស្លាកលេខ ខេមរភូមិន្ទ 09 2-4771 បើកបត់បញ្ច្រាសទិសចូលបុរីប៉េងហួត។ ហេតុការណ៍ចរាចរណ៍នេះបានកើតឡើងនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

គួរឱ្យដឹងថា កូនកាត់ខ្មែរបារាំង លោក ដាវីត ឫទ្ធិរុទ្រ ហៅ RuthKo បច្ចុប្បន្នមានអាយុ ២៤ ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។ លោកបានបន្សល់ទុកស្នាដៃចម្រៀងល្បីៗជាច្រើនដូចជា កែខ្លួន កិន្នរ និងបងមកពីលិចជាដើម។ មិនតែប៉ុណ្ណោះ លោកថែមទាំងជាគ្រូបង្វឹកនៅក្នុងកម្មវិធីរ៉េបដែលចាក់ផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយចំនួនផងដែរ ៕