រាជធានីភ្នំពេញ ៖ 

រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បានបើកបរក្នុងទិសដីបញ្ច្រាសហើយបុកម៉ូតូម៉ាកស្កុបពី មួយគ្រឿង បណ្ដាលឲ្យនារីវ័យក្មេងពីរនាក់ រងរបួសធ្ងន់ស្រាល។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅក្បែរសណ្ឋាគារ ឡាក់គីស្តារ តាមបណ្តោយផ្លូវលេខ ៣៣៦ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

តាមសន្តិសុខសណ្ឋាគារ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះពីរនាក់ បានជិះម៉ូតូស្កុបពី មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JD-4633 ក្នុងទិសដៅពីកើតទៅលិច។

ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក់ហ៊ីយ៉ាន់ដាយមួយគ្រឿង បានធ្វើដំណើរបញ្ច្រាសក្នុងទិសដៅពីរលិចទៅកើតមកបុកម៉ូតូ scoopy ជនរងគ្រោះពេញទំហឹង បណ្ដាលឱ្យនារីម្នាក់ ដួលបោកក្បាលធ្ងន់ធ្ងរ និង ម្នាក់ទៀត បានរងគ្រោះស្រាល។ បន្ទាប់ពីបង្កគ្រោះថ្នាក់ រថយន្ត ក៏បានបើកគេចខ្លួនបាត់។ 

ជនរងគ្រោះទាំងពីរ ត្រូវបាននគរបាលមូលដ្ឋានទាក់ទងទៅរថយន្តសង្គ្រោះដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យ។ ទោះបីជាយ៉ាងណា រថយន្តបង្ក មិនអាចគេចខ្លួនពីសំណាញ់ច្បាប់នោះទេ ព្រោះនៅកន្លែងកើតហេតុសុទ្ធតែបំពាក់កាមេរ៉ា សុវត្ថិភាព៕