លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានបញ្ជាក់ថា ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំនេះ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី ឆ្នើមប្រចាំឆ្នាំ២០២៤ សម្រាប់ហ្វឹកហាត់បំប៉ន សមត្ថភាព ត្រៀមចូលរួមការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ និងការប្រកួតអន្តរជាតិនានា ក្នុងពេលខាងមុខ ។
ក្រោយពីចប់ការប្រកួតមួយថ្ងៃ លោកបានសំឡឹងមើលឃើញ កីឡាករ-កីឡាការិនី មានការរីកចម្រើនខ្លាំង នូវកម្រិតបច្ចេកទេស ជាពិសេសក្រុមកីឡាករ -កីឡាការិនីជម្រើសជាតិយើង ។ សម្រាប់រៀបចំនៅខេត្តកំពត លោកគិតថា ទីតាំងមានអំណោយល្អ សម្រាប់កីឡាករ-កីឡាការិនីចូលរួម ជាពិសេសលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត មន្ទីរអប់រំ យុវជន និងកីឡា ព្រមទំាងថ្នាក់ដឹកនាំខេត្តទំាំងមូល ធ្វើឲ្យការប្រកួតមានភាពរលូនតែម្តង ។
លោកបានបន្តថា គោលដៅសំខាន់ នៃការប្រកួតខាងលើកនេះ ដើម្បីធ្វើតេស្តិ៍សមត្ថភាពកីឡាករ-កីឡាការិនីដែលធ្វើការហ្វឹកហាត់នៅឆ្នាំ ២០២៤ ចង់ដឹងពីសមត្ថភាពនៃប្រកួតកីឡាទោចក្រយាន ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃដែលប្រព្រឹត្តពីថ្ងៃទី៩ រហូតដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ។
ការប្រកួតជើងឯកឆ្នាំនេះមានក្លិបចូលរួមជាង ២០ ក្លិបទូទាំងប្រទេសកម្ពុជា រួមមានខេត្តកំពត ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ភ្នំពេញ ខេត្តកំពង់ឆ្នាំង ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្លិបកីឡាកង់ជាច្រើនទៀត ។
ការប្រកួតកង់គួករយៈចម្ងាយឆ្ងាយ (Road Bike Individual Mass Start) ចាប់ផ្តើមចេញដំណើរពីខាងមុខសាលា ខេត្តកំពត និងធ្វើដំណើរបញ្ចប់ទី នៅរូបសំណាក់លោកយាយម៉ៅ លើភ្នំបូកគោ។ ការប្រកួតកង់ភ្នំ (Mountain Bike) ចាប់ផ្តើមចេញដំណើរ និងមកបញ្ចប់ទីវិញ នៅជើងភ្នំស ខេត្តកំពត។ ការប្រកួតកង់គូករយៈចម្ងាយខ្លី (Road Bike Criterium) ចាប់ផ្តើមចេញដំណើរ និងបញ្ចប់ទីនៅខាងមុខសាលា ខេត្តកំពត៕