អ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមជាច្រើនមានការព្រួយបារម្ភចំពោះសុខភាពរបស់ សូយ៉ុន (Seohyun) សមាជិកក្រុម SNSD បន្ទាប់ពីបានឃើញរូបភាពតារាស្រីរូបនេះកាន់ឈើច្រត់អំឡុងពេលធ្វើជាពិធីការិនីនៅក្នុងកម្មវិធីប្រកាសពានរង្វាន់ចុងឆ្នាំ 2024 ខេប៊ីអេស ដ្រាម៉ា អឹវើត (KBS Drama Awards) របស់ប៉ុស្តិ៍ទូរទស្សន៍ KBS ។

ដោយឡែកការប្រកាសពានរង្វាន់ ខេប៊ីអេស ដ្រាម៉ា អឹវើត (KBS Drama Awards) នេះ បានធ្វើឡើងនៅអំឡុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមាន សូយ៉ុន (Seohyun) ធ្វើជាពិធីការិនីរួមគ្នាជាមួយលោក គីម ស៊ុង ក្យូ (Kim Sung-kyu) និងលោក មូន សាំងមីន (Moon Sang-min) ក្នុងអំឡុងពេលដែលប្រទេសកូរ៉េកំពុងកាន់ទុក្ខហេតុការណ៍សោកនាដកម្មផ្ទុះឆេះយន្តកាលពីពេលថ្មីៗកន្លងទៅ ដូចនេះហើយទើបមិនមានការផ្សាយផ្ទាល់ និងបានថតទុកជំនួសវិញ។ ទោះជាយ៉ាងណាក៏ដោយអ្នកដែលបានចួលរួមនៅក្នុងកម្មវិធីនេះបានថតសកម្មភាពរបស់ សូយ៉ុន (Seohyun) ទុក និងបានចែកចាយពេញបណ្តាញសង្គម រហូតមានការនិយាយជាហូរហែរហូតមកដល់ពេលនេះ ។

ជាមួយគ្នានេះផលិតកម្ម ណាម៉ូ អ៊ែកទ័រ (Namoo Actors) ដែលជាទ្រនំផលិតកម្មរបស់ សូយ៉ុន  (Seohyun) ក៏បានចេញមកបកស្រាយដែរថា “នាងបានរងរបួសជើងខណៈពេលកំពុងថតខ្សែភាពយន្តថ្មី ហើយពេលនេះនាងកំពុងស្ថិតនៅក្នុងការសម្រាកព្យាបាល និងរំពឹងថាអាចត្រលប់មកថតខ្សែភាពយន្តបន្តវិញបានក្នុងពេលឆាប់ៗខាងមុខនេះ” ។

គួរឱ្យដឹងថា សូយ៉ុន (Seohyun) បាននឹងកំពុងថតខ្សែភាពយន្តថ្មីប្រភេទរ៉ូមែនទិចហ្វេនតាស៊ី (Romantic fantasy) ឆ្លងភពរឿង ឌឹ ហ្វឹស ណៃ វីត ឌឹ ឌាក់ (The First Night With the Duke) ជាមួយនឹងលោក អ៊ុក ថែក យ៉ុន (Ok Taec-yeon) សមាជិកក្រុម ធូភីអឹម (2PM) ដោយខ្សែភាពយន្តខាងលើរំពឹងថានឹងចេញផ្សាយនៅក្នុងឆ្នាំ ២០២៥ នេះ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ KBS ៕