កម្មវិធីប្រកួតសម្រស់ដ៏ធំប្រចាំប្រទេសកម្ពុជា ស៊ុប្រាណាសិនណលខេមបូឌា (Supranational Cambodia) ឆ្នាំ ២០២៥ បាននឹងកំពុងប្រកួតប្រជែងដើម្បីស្វែងរកម្ចាស់ជ័យលាភីលេខមួយដ៏ស័ក្តិសមបំផុត ចេញទៅប្រកួតនៅក្នុងកម្មវិធី មីស អ៊ែន មីស្ទ័រ ស៊ុប្រាណាសិនណល (Miss & Mister Supranational) ឆ្នាំ ២០២៥ នៅឯប្រទេសប៉ូឡូញ។ ជាមួយគ្នានេះមហាជនសង្កេតឃើញថា នៅក្នុងឆ្នាំនេះបេក្ខជនបេក្ខនារីមានការដាក់ពាក្យចូលរួមប្រកួតច្រើន និងសុទ្ធសឹងតែជាបេក្ខភាពដែលមកព្រមជាមួយសមត្ថភាព និងបទពិសោធជាដើម ។
ដោយឡែកកម្លោះសង្ហា សុខ ចន្ទរង្សី ដែលជាបេក្ខជនមួយរូបដ៏ថ្មីសន្លាងនៅលើវិថីនៃការប្រកួតសម្រស់ឯណោះវិញ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជន និងអ្នកសេ្នហាវិស័យមួយនេះដូចគ្នាដែរ។ ដ្បិតថាជាបេក្ខជនថ្មីក៏ពិតមែន ប៉ុន្តែលោក សុខ ចន្ទរង្សី បានឱ្យដឹងថា ការមកប្រកួតនៅលើកនេះគឺលោកទទួលបានការលើកទីកចិត្តពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ ក៏ដូចជាទទួលបានក្តីស្រឡាញ់ពីសំណាក់អ្នកគាំទ្ររបស់លោកផងដែរ ដែលជាកម្លាំងចិត្តដ៏ធំធេងបំផុតសម្រាប់ការប្រកួតមួយនេះ។ ទន្ទឹមនឹងការទទួលបានភាពកក់ក្តៅពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រដូចនេះ លោកក៏បានសន្យាដែរថានឹងពាំនាំចំណុចធំៗចំនួនបីមកកាន់កម្មវិធីប្រកួតខាងលើក្នុងនោះមានដូចជា៖
១, នឹងធ្វើជា អាយដល (Idol) និង រ៉ូលម៉ូឌែល (Rule Model) សម្រាប់ប្អូនៗជំនាន់ក្រោយ
២, នឹងចូលរួមកម្មវិធីសប្បុរសធម៌ដើម្បីកាត់បន្ថយភាពអត់ឃ្លាននៅប្រទេសកម្ពុជា
៣, នឹងពាំនាំកម្ពុជាទៅកាន់ឆាកអន្តរជាតិដើម្បីធ្វើការផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរទៅកាន់បណ្តាប្រទេសនៅលើពិភពលោកឱ្យស្គាល់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។
គួររំលឹកដែរថា បុរសឯក សុខ ចន្ទរង្សី គឺជាបេក្ខជនប្រលង ស៊ុប្រាណាសិនណលខេមបូឌា (Supranational Cambodia) ឆ្នាំ ២០២៥ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ អូសាកា អេឌ្យូខេសិនយូនីវើស៊ីធី (Osaka Education University) ពីប្រទេសជប៉ុន។ ក្រៅពីនេះលោកថែមទាំងមានបទពិសោធជាច្រើននៅក្នុងវិស័យការងារផ្សេងៗដូចជា ជាទីប្រឹក្សាអាហាររូបករណ៍នៅស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងធ្លាប់បម្រើការលើយន្តហោះឱ្យក្រុមហ៊ុនអាកាសចរណ៍មួយកន្លែងក្នុងតំណែងជាបាហុនិកាជាដើម ៕