រាជធានីភ្នំពេញ ៖
បុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកTesla Cyber truck មួយគ្រឿងក្នុងល្បឿនលឿនបួងចង្កូតបត់មិនប្រយ័ត្ន ក៏បានរេចង្កូតបុកឡើងខឿនសួនផ្លូវកល់ជាប់ទៅមុខលែងរួច ខូចខាតយ៉ាងដំណំ ។ ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៥ភ្លឺ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ស្ថិត នៅតាមបណ្ដោយផ្លូវ ១១៣ ចំណុចបរិវេណបឹងកក់ ក្នុងសង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។
តាមការបញ្ជាក់ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនកើតហេតុ គេឃើញ បុរសម្នាក់បើករថយន្ត Tesla Cyber truck ពាក់ផ្លាកលេខកម្ពុជា LBT.CARS ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦១៦ ក្នុងទិសដៅពីត្បូងទៅជើង។ ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានបួងចង្កូតបត់ឆ្វេងឆ្ពោះទៅផ្លូវ១១៣ វិញ ខណៈបួងចង្កូតបត់មិនប្រយ័ត្នក៏ជ្រុលទៅបុកឡើងខឿនសួនផ្លូវ ធ្វើឲ្យរថយន្តបែកកង់កល់ជាប់ទៅមុខលែងរួច ខូចខាតយ៉ាងដំណំ សំណាងល្អ មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។ ចំណែកឯអ្នកបើករថយន្តបង្កមិនបានរត់ទៅណានោះទេ រង់ចាំការដោះស្រាយជាមួយក្រុមហ៊ុន ។
ក្រោយកើតហេតុ ភាគីខាងរថយន្ត ផ្ដល់សំណងទៅកាន់ក្រុមហ៊ុនដើម្បីបញ្ចប់រឿង ៕