រាជធានីភ្នំពេញ ៖ 

រថយន្ដម៉ាក TOYOTA ALPHARD ពាក់ស្លាកលេខខេមរភូមិន្ទ១គ្រឿង បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយរថយន្ដម៉ាក KIA Morning ១គ្រឿងដែលកំពុងឈប់រង់ចាំភ្លើងស្តុបពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ហើយ បណ្ដាលឲ្យក្មេងម្នាក់ រងរបួសធ្ងន់ ។

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចភ្លើងស្តុបតាមបណ្ដោយផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ ស្ថិតនៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

តាមប្រភពពីកន្លែងកើតហេតុ គេ បានឃើញរថយន្តម៉ាក KIA Morning ពណ៌ស ១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CB-0770 កំពុងឈប់នៅចំណុចភ្លើងស្តុបខាងលើ ។ ខណៈនោះ ស្រាប់តែរថយន្ដម៉ាក TOYOTA ALPHARD ពាក់ស្លាកលេខខេមរៈភូមិន្ទ01-2-9729 បើកបរក្នុងទិសដៅពីត្បូងទៅជើងស្របគ្នាក្នុងល្បឿនលឿនទៅដល់ បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត KIA Morning វិល១ជុំ រងរបួសក្មេងម្នាក់ផងដែរ ។

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តថាពេលនោះ រថយន្ត KIA Morning ខូចខាតខ្ទេចខាងក្រោយ ចំណែករថយន្ដម៉ាក TOYOTA ALPHARD ខូចខាតខ្ទេចមុខ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕