រាជធានីភ្នំពេញ ៖ 

បុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿន រួចគេចពីម៉ូតូកង់បី ជ្រុលចង្កូតទៅឡើងលើឃឿនពុះចែកទ្រូងផ្លូវ បុករះនិងបង្គោលស្លាកប៉ាន់ណូ ដាច់រលំអស់ពីរដើម ។ ហេតុការណ៍នេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី១៥ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចទល់មុខនិងក្លិប មីតណាយ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកTUNDRA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AU-3018 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចខាងលើ ក៏បួងចង្កូតគេចពីម៉ូតូកង់បីមួយគ្រឿង បណ្ដាលឲ្យជ្រុលទៅឡើងលើឃឿនពុះចែកទ្រូងផ្លូវ រួចហើយ រថយន្ត បានទៅបុករះបង្គោលស្លាកប៉ាន់ណូឃោសនា បណ្ដាលឲ្យដាច់រលំអស់ចំនួនពីរដើម ហើយ ក៏ខូចខាតឃឿនអស់ជាច្រើនផងដែរ ។

ក្នុងហេតុការណ៍នោះ  មិនមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋឡើយ ។ ចំណែករថយន្ត រងការខូចខាតខ្ទេចផ្នែកខាងមុខទាំងស្រុង បន្ទាប់មក តៃកុង បានចុះរត់គេចខ្លួនទៅបាត់ស្រមោលពីកន្លែងកើតហេតុ ។ 

បន្ទាប់ពីគ្រោះថ្នាក់ គេឃើញសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ធ្វើការស្ទូចអូសយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយថ្ងៃក្រោយបន្ត ៕