កម្មវិធី Wurkz អ្នកចម្បាំងគុនខ្មែរនៅរាត្រីថ្ងៃអាទិត្យនេះនឹងផ្តល់ផ្ទាំងទស្សនីយភាពកាន់តែជក់ចិត្តបន្ថែមទៀត ជាមួយការប្រកួតជម្រុះម៉ារ៉ាតុនដណ្តើមប្រាក់លាន។សម្រាប់បេក្ខភាពម៉ារ៉ាតុនទម្ងន់ ៦០គីឡូក្រាមទាំង ៤រូបរួមមាន៖ កីឡាករ កំពែង ខ្មៅ, ម៉ន កំសត់, រិទ្ធី ម៉ាណូយ និង ឆន ឈាងរ៉ាន់។

ក្រៅពីគូម៉ារ៉ាតុននេះ នៅមាន ៤គូទៀតដែលមានសមាសភាពដូចជា ៖ 

កីឡាករ សេង សាយ មកពីក្លឹបវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ ប្រកួតក្នុងទម្ងន់ ៥៧គីឡូក្រាមជាមួយកីឡាករ ម៉ាលី ខ្លាតូច មកពីក្លឹប NPN សរសុម៉ាលីគុនខ្មែរ។រីឯ ១គូទៀត ជាជំនួបមិត្តភាពអន្តរជាតិកម្ពុជា-ថៃ ទម្ងន់ ៥១គីឡូក្រាមរវាងកីឡាករ សៅយ៉ាន់ វិសាល ប្រកួតជាមួយកីឡាករ Jak Kon Sis Kunma ។

គូមិត្តភាពអន្តរជាតិកម្ពុជា-ថៃ ១គូទៀត ក្នុងទម្ងន់ ៥៤គីឡូក្រាម កីឡាករ សុខ រិទ្ធ ប្រកួតជាមួយកីឡាករ Apidet S.Ladda Van ខណៈគូមិត្តភាពអន្តរជាតិចុងក្រោយជាជំនួបរវាងអ្នកលេងរន្ទៈជើងដងទន្លេសាបកីឡាករ មឿន សុខហុច ប្រកួតជាមួយកីឡាករ Zoe Moe Zaw មកពីប្រទេសមីយ៉ាន់ម៉ា។ គូនេះប្រកួតក្នុងទម្ងន់ ៦៥គីឡូក្រាម។

កម្មវិធី Wurkz អ្នកចម្បាំងគុនខ្មែរនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ។ បងប្អូនអាចចូលរួមទស្សនាផ្ទាល់ដោយសេរី!