ចាវ លូ ហ្ស៊ឺ (Zhao Lusi) តួឯកស្រីដ៏ល្បីប្រចាំប្រទេសចិន ថ្មីៗនេះកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន បន្ទាប់ពីអ្នកលេងអ៊ីនធឺណិតបានធ្វើការចែកចាយរូបរបស់នាងអំឡុងពេលអង្គុយលើរទេះរុញ និងមិនអាចដើរបានដូចមនុស្សធម្មតា ពោលគឺមានពាក្យចចាមអារ៉ាមថានាងឈឺធ្ងន់ក្រោយពេលរងសម្ពាធការងារ និងមតិរិះគន់នៅលើប្រព័ន្ធអនឡាញ ដែលបានជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ថែមទាំងមានពត៌មានចចាមអារ៉ាមពាក់ព័ន្ធនឹងការវាយប្រហារពីម្ចាស់ផលិតកម្មជាដើម។

ដោយឡែកកាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅ នៅលើបណ្តាញសង្គមចិន បានបង្ហោះឈ្មោះតារាល្បីៗដែលនឹងត្រូវចូលរួមនៅក្នុងកម្មវិធី វេយ៍បូណៃ (WEIBO NIGHT) 2025 ដោយនៅក្នុងនោះក៏មានឈ្មោះរបស់ ចាវ លូ ហ្ស៊ឺ (Zhao Lusi) ចូលរួមកម្មវិធីខាងលើនេះផងដែរ។ យ៉ាងណាមិញ បើសិនជាដូចតាមដែលការបង្ហោះនោះពិតមែន នេះគឺជាការបង្ហាញខ្លួនលើកដំបូងរបស់តារាស្រីខាងលើនេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមកន្លងមកថានាងឈឺធ្ងន់ និងកំពុងសម្រាកព្យាបាល។

ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់មានការអះអាងពីម្ចាស់ផលិតកម្មឬអ្នកគ្រប់គ្រង ពាក់ព័ន្ធនឹងការចូលរួមរបស់នាងនៅក្នុងកម្មវិធីនេះនៅឡើយទេ៕