នាយករដ្ឋមន្ត្រីប្រទេសកាណាដា ចាស្ទីន ទ្រូដូ បានប្រកាសកាលពីថ្ងៃចន្ទ ទី3 ខែកុម្ភៈថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងពន្យារពេលពន្ធគយ លើការនាំចូលរបស់ប្រទេសកាណាដារយៈពេល 30 ថ្ងៃ បន្ទាប់ពីការពិភាក្សារវាងមេដឹកនាំទាំងពីរ ខណៈដែលលោក ទ្រូដូ បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ ហ្វេនតានីល (fentanyl) នឹងធានាឲ្យមានការត្រួតពិនិត្យជាអចិន្ត្រៃយ៍នៃព្រំដែនរួម។ លោក ត្រាំ បានគំរាមដាក់ពន្ធលើការនាំចូលរបស់ប្រទេសកាណាដា លុះត្រាតែកាណាដា ចាត់វិធានការបង្ក្រាបលើការរត់ពន្ធ ហ្វេនតានីល និងលំហូរជនចំណាកស្រុកខុសច្បាប់ឆ្លងកាត់ព្រំដែន។ គួរបញ្ជាក់ផងដែរថា មួយម៉ោងបន្ទាប់ពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ទ្រូដូ លោកប្រធានាធិបតី ត្រាំ បានឆ្លើយតបថា "ខ្ញុំពិតជារីករាយជាមួយនឹងលទ្ធផលដំបូងនេះ ហើយពន្ធដែលបានប្រកាស នឹងត្រូវបានផ្អាកសម្រាប់រយៈពេល 30 ថ្ងៃ ដើម្បីពិនិត្យមើលថា តើកិច្ចព្រមព្រៀងសេដ្ឋកិច្ចចុងក្រោយជាមួយប្រទេសកាណាដា អាចពិភាក្សាឡើងវិញ ឬយ៉ាងណា ។