គិតត្រឹមថ្ងៃព្រហស្បត្តិ ទី20 ខែកុម្ភៈនេះ តួរលេខជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ 2023 មក បានកើនឡើងដល់ 48.300 នាក់ និងប្រមាណ 111.800 នាក់ទៀតរងរបួស។ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានសម្លាប់មនុស្ស 3 នាក់ និង 11 នាក់ទៀតរងរបួស ស្របពេលដែលមន្ត្រីជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធហាម៉ាសបាននិយាយថា ខ្លួនបានដាក់សំណើទៅកាន់អ៊ីស្រាអែល តាមរយៈអ្នកសម្រុះសម្រួលសម្រាប់ការផ្លាស់ប្តូរអ្នកទោស និងចំណាប់ខ្មាំងដោយផ្អែកលើគោលការណ៍ "ទាំងអស់គ្នា សម្រាប់ទាំងអស់គ្នា" ដែលជាផ្នែកមួយនៃការចរចាដែលកំពុងបន្ត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រុមហាម៉ាស់ លោក ហាហ្សិម ហ្កាហ្សេម (Hazem Qassem) បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រុមហាម៉ាសសម្រាប់ "ការផ្លាស់ប្តូរអ្នកទោសក្នុងដំណាក់កាលទីពីរ" តែលោកក៏បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ ត្រូវតែជា "ផ្នែកនៃកិច្ចព្រមព្រៀងដែលនាំទៅដល់បទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សា"។