ថ្មីៗនេះ នៅលើបណ្តាញសង្គមកំពុងមានការផ្ទុះ “ឈុតមេអំបៅ” ដែលកើតចេញពីការប្រើប្រាស់លើមុខងារ AI របស់ App មួយ។ App ដែលកំពុងតែនិយាយនេះមានឈ្មោះថា ប៊ីយូធីខេម (Beauty Cam) ដែលមានសមត្ថភាពអស្ចារ្យក្នុងការផ្លាស់ប្តូរឈុតសម្លៀកបំពាក់ធម្មតា ទៅជាឈុតផ្សេងៗតាមតម្រូវការរបស់អ្នកប្រើប្រាស់ ប៉ុន្តែអ្វីដែលមហាជនកំពុងតែនិយមលេងតាមគ្នានេះ នោះគឺ ឈុតមេអំបៅ នេះផ្ទាល់តែម្តង។
ដោយឡែក មិនត្រឹមតែទាក់ចិត្តមិត្តយុវវ័យឱ្យប្រើប្រាស់ App មួយនេះប៉ុណ្ណោះទេ បើតាមការសង្កេត តារាក្នុងស្រុក និងបុគ្គលល្បីៗមួយចំនួន ក៏នាំគ្នាលេងព្រោងព្រាតផងដែរ ដោយពួកគេគិតថាវាគឺជាការកម្សាន្តអារម្មណ៍ និងមើលទៅមានភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់ជាដើម។ តារា និងបុគ្គលល្បីៗមួយចំនួន ដែលបាននាំគ្នាប្រើប្រាស់ App AI ប្តូររូបភាពក្នុងឈុតធម្មតាទៅជាឈុតមេអំបៅនេះមានដូចជា តារាសម្តែង មាន សូនីតា, តារាចម្រៀង ថុល សុភិទិ, បេក្ខភាពប្រលង អ៊េច ហ្វេកទ័រ ខេមបូឌា (X Factor Cambodia) រដូវកាលទី១ គឿន នភាល័យ, ក្រុមកំប្លែង នូឌី, អ្នកបង្កើតមាតិកាលើបណ្តាញសង្គម ភីយ៉ូ និងមានបុគ្គលល្បីៗជាច្រើនរូបទៀត។
យ៉ាងណាមិញ ក្រោយពេល App មួយនេះបានផ្ទុះរហូតក្លាយទៅជា Viral នៅលើបណ្តាញសង្គមភ្លាម ស្រាប់តែមានទាំងមតិគាំទ្រ និងមតិរិះគន់ ដោយអ្នកខ្លះគិតថាវាគឺជារឿងឥតប្រយោជន៍ទៅវិញ៕