មន្ដ្រីកីឡាកម្ពុជា ២រូប គឺលោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក យឺន ពន្លឺ អនុប្រធាននាយកដ្ឋានព័ត៌មាននៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជូនឱ្យចូលរួមក្នុងសិក្ខាសាលាស្ដីពីបញ្ញាសិប្បនិម្មិត (AI) ដែលរៀបចំឡើង នៅប្រទេសគុយវ៉ែត។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើយដោយ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) នៅប្រទេសគុយវ៉ែត កាលពីថ្ងៃទី២២ ខែកុម្ភៈ។ក្រោយវិលត្រឡប់មកកម្ពុជាវិញ លោក ប៊ុយ សុភ័ណ្ឌ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមតេលេក្រាមថា សិក្ខាសាលានេះ បានបង្ហាញពីការវិវឌ្ឍនៃ AI ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ ក៏ដូចជាសារៈប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងវិស័យកីឡា។

លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់ទៀតថា ក្រុមប្រឹក្សាអូឡាំពិក ក៏ដូចជាចលនាអូឡាំពិកមើលឃើញថា ការវិវឌ្ឍនៃបច្ចេកវិទ្យា AI នេះ អាចចូលរួមអភិវឌ្ឍវិស័យកីឡា ដែលរួមមានការបង្វឹក និងការអភិវឌ្ឍសមត្ថភាពអត្ដពលិក, ការតាមដានការហ្វឹកហាត់របស់អត្ដពលិក និងការការពារពីការហ្វឹកហាត់ហួសហេតុត ក៏ដូចជាការរៀបចំកម្មវិធីកីឡា និងកម្មវិធីផ្សេងៗទាក់ទងនឹងការប្រកួត។

លោក ប៊ុយ សុភ័ណ្ឌ បានបន្ថែមថា៖យើងត្រូវតែតាមឲ្យទាន់នូវបច្ចេកវិទ្យា ដែលបច្ចុប្បន្ន ពិភពលោកកំពុងប្រើប្រាស់ក្នុងការជំរុញ ប្រសិទ្ធផលខ្ពស់របស់អត្ដពលិកក្នុងចូលរួមប្រកួតកីឡាកម្រិតតំបន់ ក៏ដូចជាកម្រិតអូឡាំពិកផងដែរ។

ទីប្រឹក្សា NOCC រូបនេះ ពន្យល់បន្ថែមថាការការពារអត្ដលិក តាមរយៈការប្រើប្រាស់បច្ចេក វិទ្យា AI គឺសំដៅលើការគ្រប់គ្រងកម្មវិធីហ្វឹកហាត់កីឡាជំនាញកម្រិតខ្ពស់របស់អត្ដពលិក ឲ្យកាន់តែមានប្រសិទ្ធភាព និងធានាការការពារពីការហ្វឹកហាត់ហួសកម្រិត ដែលបណ្ដាលឲ្យមានផលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តកីឡាករ-កីឡាការិនី។

រីឯការប្រើប្រាស់ AI សម្រាប់សម្រួលដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានោះ លោក ប៊ុយ សុភ័ណ្ឌ បានសំដៅលើការប្រើប្រាស់បច្ចេកវិទ្យា AI គាំទ្រដល់ការគ្រប់គ្រងធំៗ និងសម្រួលដល់ការងារបច្ចេកទេស ការងារគ្រប់គ្រង ការងាររដ្ឋបាល ការងារផ្សព្វផ្សាយ និងគ្រប់គ្រងទីផ្សារ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់។ល។ ការគ្រប់គ្រងទាំងនេះ គឺដើម្បីធានាបានការគ្រប់គ្រងព្រឹត្តិការណ៍កាន់តែមានប្រសិទ្ធភាព និងចីរភាព ស្របតាមរបៀវវារៈអូឡាំពិក AI ដែល IOC បានដាក់ឱ្យអនុវត្តកាល ពីឆ្នាំ២០២៤។ លោក ប៊ុយ សុភ័ណ្ឌ ពន្យល់ដូច្នេះ។

ចំណែក លោក យឺន ពន្លឺ វិញ បានប្រាប់ដែរថា បច្ចុប្បន្ន នៅកម្ពុជា ការប្រើប្រាស់បញ្ញាសិប្បនិមិ្មតក្នុងវិស័យកីឡា គឺមិនទាន់ទូលំទូលាយនៅឡើយទេ។ ប៉ុន្តែបើតាមគ្រូឧទ្ទេស ដែលមកពីប្រទេសអឺរ៉ុប គឺ សុទ្ធតែមានបទពិសោធក្នុងការប្រើប្រាស់ AI។ 

អនុប្រធាននៃនាយកកដា្ឋនព័ត៌មាន NOCC រូបនេះ បន្ថែមថា ក្លិបបាល់ទាត់ ក្លិបកីឡាប្រទេសនៅតំបន់អឺរ៉ុប និងប្រទេសដែលមានថវិកា បានប្រើប្រាស់បច្ចេកវិទ្យានេះ រួចហើយ តួយ៉ាងព្រឹត្តិការណ៍ Asian Games នៅប្រទេសចិន គឺចិនបានប្រើ AI ក្នុងកម្មវិធីដុតភ្លើងគប់ បើកព្រឹត្តិការណ៍៕