ជាការពិតណាស់ កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ នៅលើ      បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការផ្ទុះកក្រើកជាខ្លាំង ក្រោយពេលអ្នកនាង ទេព បូព្រឹក្ស បានធ្វើការ Live យំនិយាយរៀបរាប់ រឿងហួសចិត្តទៅលើផេកមួយឈ្មោះថា “អាក្លូ” ដែលបានបង្ហោះវីដេអូ មានចំណងជើងថា “Diss រាក់កំភែល” ដោយនៅក្នុង      វីដេអូនោះ បាននិយាយលើសលស់ហួសដែនកំណត់យ៉ាងដូច្នេះថា “មិនដូចអាអ្នកខ្លះ កូនកើតទាន់ម៉ែឳការ” ដែលនេះចាត់ទុកថាជាការប្រមាថមើលងាយ និងប៉ះពាល់ដល់កិត្តិយសកូនអ្នកនាងជាខ្លាំង។ ជាមួយគ្នានេះ នៅក្នុងយប់ថ្ងៃដដែល លោក ជី ដេវិត ដែលជាស្វាមីរបស់អ្នកនាង ទេព បូព្រឹក្ស និងជាឳពុករបស់ Albert បានចេញសេចក្តីជូនដំណឹងមួយនៅលើទំព័រហ្វេសប៊ុករបស់លោកថា នឹងចាត់ការផេកមួយដែលមានឈ្មោះថា “អាក្លូ” តាមផ្លូវច្បាប់ និង ប្តេជ្ញាចិត្ត យកឱ្យបានមកវិញនូវកិត្តិយសជូនក្រុមគ្រួសារ និងកូនប្រុសជាទីស្រឡាញ់របស់លោកផងដែរ។

ដោយឡែកនៅល្ងាចថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅលើទំព័រហ្វេសប៊ុករបស់លោក ជី ដេវិត ក៏បានបង្ហោះសេចក្តីប្រកាសពត៌មានរបស់ក្រុមមេធាវី ភ្ជាប់ជាមួយសំណេរជម្រាបជូនមហាជនឱ្យដឹងថា “សូមគោរពជូនដំណឹងដល់សាធារណជន និង បងប្អូនអ្នកគាំទ្រជាទីស្រឡាញ់ឱ្យបានជ្រាបនូវចំណាត់ការផ្នែកច្បាប់របស់យើងខ្ញុំដែលនឹងចូលជាធរមាននៅថ្ងៃនេះ។ យើងខ្ញុំនឹងជូនដំណឹងបន្ថែមនូវពេលដែលគ្រប់យ៉ាងទទួលបានដំណោះស្រាយចប់សព្វគ្រប់និងយុត្តិធម៌។ ដោយក្តីគោរពពីខ្ញុំ ងួន ចាន់ដាវិត ( G-DEVITH )”៕