ភ្នំពេញ ៖
បុរសម្នាក់ស្រវឹង ជិះម៉ូតូស្កុបពី បត់ឆ្លងផ្លូវ ក៏ត្រូវម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត ជិះដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងដូចគ្នា ជ្រុលទៅបុក បណ្ដាលឲ្យរងការខូចខាត ម៉ូតូនិងមនុស្សរងរបួស ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីឈានចូលថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥ចំនុចផ្លូវ២១៧កែងផ្លូវ៤៣០សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ សៀមរាប 1AG 0967 បានជិះម៉ូតូដំណើរតាមបណ្ដោយផ្លូវ២១៧(ហៅមុនីរ៉េត)ទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹង។ លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ គោលបំណងឆ្ពោះទៅផ្លូវ៤៣០ តែគាប់ជួនពេលនោះ ក៏ស្រាប់តែមានបុរសម្នាក់ទៀត បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JM 7291 បានជិះបោះពួយ តាមបណ្ដោយផ្លូវ២១៧ទិសដៅពីលិចទៅកើតល្បឿនលឿន ហើយ ស្រវឹងដូចគ្នាហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកនិងម៉ូតូស្កុបពី យ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូទាំង២គ្រឿងដួល រណូករណែល ព្រមទាំងធ្វើឲ្យបុរសជាអ្នកជិះម៉ូតូស្កុបពី រងរបួសបែកចង្កា ម៉ូតូខូចខាតផ្នែក ខាងមុខ ។
ដោយឡែក ខាងម៉ូតូហុងដាឌ្រីមវិញ រងរបួសបែកមាត់ ម៉ូតូបាក់ខ្នងនិងវៀចជំពាស់ ។ ក្នុងហេតុការណ៍នេះផងដែរ ភាគីទាំងពីរ បានសម្របសម្រួលគ្នាដោយខាងម៉ូតូ ហុងដាឌ្រីម ទាមទារសំណង១៥០ដុល្លារ តែខាងម៉ូតូស្កុបពីសុំសងសំណង៧០ដុល្លារ បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដងទៅ៕