កណ្តាល ៖

បុរសជាជនសង្ស័យម្នាក់ បានរំលោភសេពសន្ធវៈ ទៅលើស្ត្រីម្នាក់ដែលមានសតិ មិនគ្រប់ មានស្ថានទម្ងន់ទោស ដែលកើតហេតុកាលពីវេលាម៉ោង ១៤និង៣០នាទីថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២៤ នៅចំណុចក្នុងព្រៃក្បែរមាត់បឹង ស្ថិតនៅក្នុងភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល  ហើយ ត្រូវតំណាងក្រុមគ្រួសាររបស់ ស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹង នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៤ និងត្រូវសមត្ថកិច្ចតាមស្រាវ ជ្រាវ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៥ ។ 

វរៈសេនីយ៍ទោ រស់ ដាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់អោយដឹងថា÷ស្ត្រីរងគ្រោះមានឈ្មោះ ផាន ធារី (ហៅ ខ្លង ) អាយុ៣៤ឆ្នាំ  ជនជាតិខ្មែរ មានសតិមិនគ្រប់តាំងពីកំណើត  មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ  ដែលមានបងស្រីជាតំណាងឈ្មោះ ផាន លក្ខិណា អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅជាមួយគ្នា ។ ចំនែកបុរសជាជនសង្ស័យមាន ឈ្មោះ ម៉ៃ ធឿន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ  មានទីលំនៅក្នុងភូមិសង្កាត់ជាមួយជនរងគ្រោះដែរ  ។ 

តាមការបញ្ជាក់របស់ឈ្មោះ វុធ ចិន្តា ត្រូវជាក្មួយបង្កើតរបស់ឈ្មោះ ផាន ធារី បានរៀបរាប់ថា លើកទី១ ក្នុងកំឡុងខែតុលាឆ្នាំ២០២៤ វេលាម៉ោង ១២និង០០នាទី នៅឯរោងចាំចំការស្លឹកគ្រៃ ក្នុងភូមិសង្កាត់ខាងលើ គឺបានឃើញជនសង្ស័យ បក់ដៃហៅម្តាយ មីងជាស្ត្រីរងគ្រោះ ចូលក្នុងព្រៃ ។ ពេលនោះ ក្មួយប្រុសមានការសង្ស័យ ក៏ដើរសំដៅទៅមើលស្រាប់តែឃើញជនសង្ស័យឈ្មោះ ម៉ៃ ធឿន កំពុងធ្វើសកម្មភាពចាប់រំលោភម្តាយមីងខ្លួន ។ ពេលឃើញខ្លួនមកទាន់  ជនសង្ស័យ ក៏បានឈប់ធ្វើសកម្មភាព ហើយដើរឡើងទៅភូមិបាត់ ។ ចំពោះរឿងហេតុខាងលើ ខ្លួនមិនបានប្រាប់ឲ្យម្តាយឪពុក បានដឹងនោះទេ។

លើកទី២ នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៥ វេលាម៉ោង១៤និង០០នាទី នៅទីតាំងចំការ ស្លឹកគ្រៃ ដដែល  ជនសង្ស័យឈ្មោះ ម៉ៃ ធឿន បានបក់ដៃហៅម្តាយមីងខួន  ឲ្យចុះទៅក្រោម។ បន្ទាប់មក ក្មួយប្រុស វុធ ចិន្តា ក៏បានជិះម៉ូតូចេញមកភូមិបានរយៈពេល ប្រហែល២០នាទី ត្រឡប់មកវិញ ក៏ឃើញជនសង្ស័យនាំម្តាយមីងដើរចូលក្នុងព្រៃ   ។

ខ្លួនក៏ទុកម៉ូតូ ហើយ ដើរសំដៅរកម្តាយមីង ក៏ឃើញជនសង្ស័យឈ្មោះ ម៉ៃ ធឿន កំពុងធ្វើ សកម្មភាពចាប់រំលោភម្តាយមីងរបស់ខ្លួន ដោយក្នុងសភាពអាក្រាតកាយទាំងពីរនាក់  ខ្លួនក៏បានទាញទូរស័ព្ទថតតែម្តង។  បន្ទាប់មក ខ្លួនក៏បានយករឿងហេតុខាងលើ និងសកម្មភាពវីដេអូទៅបង្ហាញប្រាប់ក្រុមគ្រួសារ   ។

ក្រោយមកទើបឈ្មោះ ផាន លក្ខិណា ត្រូវជាបងបង្កើតរបស់ឈ្មោះ ផាន ធារី (ស្ត្រីរងគ្រោះ) បាន មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសារិកាកែវ   ។ បន្ទាប់ពីទទួលបានបណ្តឹងភ្លាម  កម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាល សារិកាកែវ ចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ៃ ធឿន បានសារភាពថា÷ខ្លួនពិតជាបានធ្វើ សកម្មភាពរួមភេទជាមួយឈ្មោះ ផាន ធារី ហៅ ខ្លង ចំនួនពីរលើកពិតមែន ។ បច្ចុប្បន្ន ជនសង្ស័យ បាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បន្តចាត់ការ តាមនីតិវិធី ៕