ដោយការអស់ទ្រាំនូវពាក្យកុហក់ភូតភរតទៀតលែងបាន តារាកំប្លែងភេទទី៣ លោក ម៉ា ដូណា បានបង្ហោះសំណេរមួយយ៉ាងវែងអន្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុក បកអាក្រាតរឿងខ្ចីលុយរបស់តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ផ្ទុះការចែករំលែកព្រោងព្រាតពេញបណ្តាញសង្គម។

នៅក្នុងសំណេរនោះ តារាកំប្លែង ម៉ា ដូណា បានឱ្យដឹងថា ដោយការទុកចិត្តទៅលើអ្នកនាងខ្ញុង លោកខំធានាលុយឱ្យផង ខ្ចីលុយលោកផង ចុងក្រោយបោកលុយរបស់លោកទៀត។ លោកបានបន្តថា អ្នកនាង ខ្ញុង គឺជាអ្នកសិល្បៈដ៏ថោកទាបបំផុត និងពូកែកុហក់រកលេខដាក់គ្មាន សំខាន់មើលងាយបងប្អូនខ្មែររស់នៅស្រុកក្រៅ សុទ្ធតែថា ចោលឆ្អឹងនៅស្រុកគេ ហើយខ្មើតនិយាយមិនដឹងខុសត្រូវទៀត ហើយឡើងតុបំភ្លឺ និយាយបំផ្លើស ខុសពីការពិត លោកស្តាប់ហើយឆ្អែត គ្មានដឹងគុណមនុស្សគ្រប់គ្នាដែលជួយ និយាយយកត្រូវតែខ្លួនឯង។

ម៉ា ដូណា បន្ថែមថា ពីមុនមិនចង់បង្ហោះមុខ និងសរសេរចំឈ្មោះរបស់អ្នកនាងខ្ញុងនោះទេ តែការបង្ហោះនេះព្រោះចង់ដឹងថាអ្នកនាងខ្ញុងមានលុយប្តឹងត្រលប់មកវិញឬក៏អត់ បើមានមែន បានន័យថាសុខចិត្តអស់លុយឡើងតុលាការ តែមិនសងលុយមករូបលោក។

លោកក៏បានបន្តទៀតថា ឱ្យពុកម៉ែបងប្អូន រង់ចាំទស្សនា ការ Live នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ហើយលោកនឹងបង្ហាញភស្តុតាងទាំងអស់ ដោយលោកជឿជាក់ថា បន្ទាប់ពីការ Live នឹងមានជនរងគ្រោះជាច្រើនអ្នកដែលត្រូវអ្នកនាងខ្ញុងកុហក់ និងមិនសងបោកប្រាស់លុយជាច្រើនអ្នកទៀតផងដែរ។

យ៉ាងណាមិញ បើតាមដឹង ពាក់ព័ន្ធនឹងទំនាស់រឿងខ្ចីលុយរបស់ តារាកំប្លែង ម៉ា ដូណា និង អ្នកនាង ខ្ញុង ដោយមានការបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមនេះ មិនមែនជាលើកទី១នោះទេ៕