បាត់ដំបង៖ 

យ៉ាងហោចណាស់ក្មេងសិស្សសាលាស្រី០១នាក់បានស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងប្រុសស្រី០២នាក់ទៀតរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី១៣.ខែកុម្ភៈ ឆ្ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវរ៉បស្ទឹងសង្កែខាងត្បូងផ្សារលើ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

  ប្រភពបានប្រាប់បន្តថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក Nex ពណ៌ស ០១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1GC-1245 បើកបរដោយក្មេងសិស្សសាលាប្រុសម្នាក់ ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AU-1736 បើកបរដោយក្មេងសិស្សសាលាស្រីម្នាក់ និងអ្នករួមដំណើរម្នាក់ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុបានឡើងវ៉ារថយន្ត០១គ្រឿងក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០៣នាក់។

  ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែងយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះទាំង០៣នាក់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ តែជាអកុសលក្មេងស្រីជាអ្នកបើកបរបានស្លា.ប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ៕