ការប្រកួតកីឡាបាល់ទាត់មិត្តភាព ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ ដើម្បីអបអរសាទរខួបអនុស្សវរីយ៍ លើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃនឹងត្រូវធ្វើឡើង នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់ ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ មានសមាសភាពចូលរួម៤ក្រុមនៃភាគីប្រទេសទាំងពីរ កម្ពុជា-ថៃ គឺក្រុមបាល់ទាត់តារាកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមតារាថៃ ខណៈក្រុមបាល់ទាត់គុនខ្មែរត្រូវប្រកួតជាមួយក្រុមបាល់ទាត់មួយថៃ។ ការប្រកួតបាល់ទាត់មិត្តភាពនេះ មានគោលបំណងចម្បង គឺជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃ ព្រមទាំងមានគោលបំណងបង្កើតទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងកម្ពុជានិងថៃឱ្យកាន់តែល្អជាមួយគ្នាបន្ថែមទៀត ក្នុងនាមជាប្រទេសជាប់របងជាមួយគ្នា ក៏ដូចជាប្រទេសនៅក្នុងអនុតំបន់ទន្លេមេគង្គទាំងអស់ផងដែរ។ឯកឧត្តមប្រធានសហព័ន្ធបន្ថែមទៀតថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពមួយនេះ ក៏ជាឱកាសដែលបង្កើតឱ្យភាគីប្រទេសទាំងពីរបានឈ្វេងយល់អំពីវប្បធម៌ការរស់នៅដោយសុខសន្តិភាព។
ឯកឧត្តមបន្ថែមទៀតថា ការផ្សារភ្ជាប់ទំនាក់ទំនងល្អនឹងគ្នា គឺប្រៀបដូចជាកើតក្នុងផ្ទៃម្តាយតែមួយ មានន័យថា នៅពេលយើងចេះយោគយល់អាធ្យាស្រ័យគ្នាវប្បធម៌សន្តិភាព និងធ្វើឱ្យប្រទេសយើងទាំងពីររស់ក្នុងសុខសុភមង្គល។ តាមរយៈព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ ឯកឧត្តម ខូវ ឆាយ ជឿជាក់ថានឹងបង្ហាញដល់យុវជន ដែលជាអ្នកគាំទ្រនៃភាគីទាំងសងខាងបានមើលឃើញពីការកសាងទំនាក់ទំនងល្អ ក្នុងការបណ្តុះស្មារតីស្រឡាញ់រាប់អានគ្នា បើទោះបីជាពេលមុនយើងមានការប៉ះទង្គិចគ្នាបន្តិចបន្តួចក៏ដោយ ក៏យើងអាចត្រឡប់មករាប់អានគ្នាវិញ ប្រកបដោយស្នាមមញញឹម មិត្តភាព និងសាមគ្គីភាព ក្នុងនាមជាអ្នកភូមិផងរបងជាមួយគ្នា ដូចជាអ្នករស់នៅផ្ទះជិតគ្នាផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកសម្របសម្រួលតំណាងភាគីថៃបានអះអាងថា នេះជាការប្រកួតមួយដែលបង្ហាញអំពីគោលបំណងផ្សារភ្ជាប់នូវវប្បធម៌សន្តិភាព ដែលជាការបន្ថែមចំពោះការរឹតចំណងសាមគ្គីភាព និងមិត្តភាព រវាងប្រទេសកម្ពុជា និងថៃ។ លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង មានប្រសាសន៍ថា លោកបានមកប្រកបកិច្ចការរកស៊ី នៅកម្ពុជា តាំងពីឆ្នាំ១៩៩១មកម្ល៉េះ ដែលមានរយៈពេល ៣៤ឆ្នាំ ប្រៀបដូចជាទឹកដីកំណើតរបស់លោកដែរ។ លោកបណ្ឌិតបន្ថែមថា យើងទាំងអស់គ្នា ដូចជាកម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ជាប្រទេសស្ថិតនៅតាមដងទន្លេមេគង្គ ចង់ឱ្យប្រជាជនទាំងអស់ ដែលប្រកាន់នូវព្រះពុទ្ធសាសនាជាង ៨៥ភាគរយ ហើយយកព្រះធម៌មកធ្វើជាគោល ក្នុងការអប់រំស្មារតីស្រឡាញ់រាប់អានគ្នា ក្នុងនាមជាប្រជាជនដែលមានប្រទេសជិតខាងគ្នា។ លោកបណ្ឌិតក៏មានបំណងចង់ឱ្យមានការប្រកួតបាល់ទាត់មិត្តភាព ពានរង្វាន់សតវត្សរ៍នៃព្រះធម៌នេះ នាថ្ងៃអនាគត ជាមួយប្រទេសឥណ្ឌា និងបណ្តាប្រទេសមួយចំនួនទៀត ដូចជាចិន ជប៉ុន កូរ៉េ ជាដើម។
បន្ថែមពីនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឯ.ក បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ក្នុងនាមក្រុមហ៊ុនចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ ដោយអ្នកឧកញ៉ាចាត់ទុកថា នេះជាសារៈសំខាន់នៃការផ្សារភ្ជាប់ទំនាក់ទំនង ពង្រឹងកិច្ចសហការ សាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ថៃឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕