បាត់ដំបង ៖
យ៉ាងហោចណាស់មនុស្ស០៣នាក់ បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០២គ្រឿបុកគ្នា កាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចមុខផ្ទះសំណាក់ដាវីន ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។
ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅមិនមានផ្លាកលេខ០១គ្រឿង បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង។ ចំណែកម៉ូតូ០១គ្រឿង ម៉ាក CLICK ពណ៌ស ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ បាត់ដំបង 1AI-8702 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាស្ត្រីម្នាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០៣នាក់តែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង០៣នាក់ខាងលើត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្នងការនគរបាលខេត្ត ចំណែកម៉ូតូទាំង០២ គ្រឿង ត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តយកទៅរក្សាទុកដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕